អន្តរជាតិ

អ៊ុយក្រែងអះអាងថា លោក ពូទីន ប្រកាសកំណត់បិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនហើយ គឺនៅថ្ងៃខែនេះ

BY
Pheakdey
March 26, 2022

បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail បានបញ្ជាក់ថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានប្រកាសហើយថា នឹងបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនៅក្នុងថ្ងៃទី ៩ ខែឧសភា នេះបើយោងតាមការអះអាងរបស់ក្រុមមន្ត្រីជាន់ខ្ពស់នៅក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។ គួរកត់សម្គាល់ថា កាលបរិច្ឆេទនៃការបិទបញ្ចប់សង្គ្រាមរបស់រុស្ស៊ីខាងលើនេះគឺចំថ្ងៃប្រវត្តិសាស្រ្តដែលរុស្ស៊ីធ្លាប់បានកម្ចាត់ពួកណាស៊ីសរបស់អាឡឺម៉ង់ ដែលជ័យជំនះមួយនេះបាននាំឲ្យមានការបញ្ចប់សង្គ្រាមលោកលើកទី ២ ផងដែរ។

បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail ក៏បានបញ្ជាក់ទៀតថា នៅក្នុងថ្ងៃទី ៩ ខែឧសភា ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសរុស្ស៊ីតែងមានការរៀបចំពិធីអបអរសាទរយ៉ាងអធិកអធម ដើម្បីរម្លឹកថ្ងៃជ័យជំនះជាប្រវត្តិសាស្ត្រនេះ។ ប្រភពដដែលនេះក៏បានបន្ថែមផងដែរថា ការប្រកាសអំពីកាលបរិច្ឆេទនៃការបិទបញ្ចប់សង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ីនេះក៏ត្រូវបានធ្វើឡើងស្របពេលដែលគេបានកត់សម្គាល់ឃើញថា មានទាហ៊ានរុស្ស៊ីជាច្រើនបានរងរបួសនិងត្រូវបញ្ជូនទៅព្យាបាលនៅតាមមន្ទីរពេទ្យនានាក្នុងប្រទេសរុស្ស៊ី ខណៈមានមន្ទីរពេទ្យខ្លះបានផ្ទុកជនរងគ្រោះពេញលើសចំណុះទៀតផង។ គួររម្លឹកផងដែរថា រុស្ស៊ីបានផ្តើមឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ ហើយគិតត្រឹមពេលនេះគឺសង្គ្រាមបានអូសបន្លាយអស់រយៈពេលជាង ១ខែមកហើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Daily Mail

 

Share This Post: