អាជ្ញាធរវៀតណាចេញដីកាចាប់ខ្លួនឧកញ៉ាម្នាក់ជុំវិញករណីក្លែងបន្លំទីផ្សារភាគហ៊ុននៅវៀតណាម
- BY
- Pheakdey
- March 30, 2022
ថៃ៖ អាជ្ញាធរវៀតណាមកាលពីយប់ថ្ងៃអង្គារ ទី២៩ ខែមីនា ម្សិលមិញនេះបានចេញដីកាចាប់ខ្លួនឧកញ៉ាម្នាក់ជុំវិញករណីក្លែងបន្លំទីផ្សារភាគហ៊ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ លោកឧកញ៉ាដែលកំពុងត្រូវបានអាជ្ញាធរវៀតណាមតាមចាប់ខ្លួននេះមានឈ្មោះថា Trinh Van Quyet ជាម្ចាស់អាណាចក្រ FLC ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដូចជា រមណីយដ្ឋានប្រណិតជាច្រើនកន្លែង ក្លឹបវាយកូនហ្គោល ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways និងក្រុមហ៊ុនធំៗមួយចំនួនទៀត ដែលមានសក្តានុពលផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម។

ប្រភពខាងលើបានបន្តថា កាលពីថ្ងៃទី ១០ ខែមករាកន្លងទៅ លោកឧកញ៉ាវ័យ ៤៦ឆ្នាំនិងត្រូវបានគេចាត់ទុកថាជាអ្នកមានទ្រព្យសម្បត្តិលំដាប់កំពូលម្នាក់នៅក្នុងប្រទេសវៀតណាមរូបនេះបានក្លែងបន្លំទិន្នន័យទីផ្សារភាគហ៊ុននិងលាក់បាំងព័ត៌មាននៃសកម្មភាពទីផ្សារសំខាន់ៗជាច្រើនដើម្បីរក្សាផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ ហើយសកម្មភាពខុសឆ្គងនេះបានធ្វើឲ្យប្រទេសវៀណាមត្រូវបាត់បង់វិនិយោគិនជាច្រើននាក់ និងបានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារភាគហ៊ុនក្នុងប្រទេសវៀតណាមយ៉ាងធ្ងន់ធ្ងរផងដែរ។ យ៉ាងណាក្តី អាជ្ញាធរវៀតណាមនៅមិនទាន់បានបញ្ជាក់ថា បទល្មើសដែលលោក Trinh Van Quyet បានប្រព្រឹត្តិណ៍នោះនឹងត្រូវទទួលទោសកម្រិតណានោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






