អន្តរជាតិ

ថៃបញ្ជាក់ជាថ្មីថា បើចង់លេងបាញ់ទឹកនៅថ្ងៃបុណ្យសង្ក្រាន្ត ទាល់តែគោរពលក្ខខណ្ឌទាំងនេះ ទើបអនុញ្ញាតឲ្យលេង

BY
Pheakdey
March 30, 2022

ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃពុធ ទី៣០ ខែមីនានេះបានឲ្យដឹងថា អាជ្ញាធរថៃបានជូនដំណឹងជាថ្មីម្តងទៀតជុំវិញការលេងបាញ់ទឹកនៅក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីថៃ ដែលនឹងចូលមកដល់នៅក្នុងពាក់កណ្តាលខែមេសាខាងមុខនេះ ដោយវិធានការថ្មីនេះហាក់មានលក្ខណៈធូស្រាលជាងមុនបន្តិច។ នៅក្នុងវិធានការថ្មីរបស់អាជ្ញាធរថៃបានបញ្ជាក់យ៉ាងច្បាស់ដដែលថា ហាមមិនឲ្យមានការលេងបាញ់ទឹកឬជះទឹកដាក់គ្នា ហាមមិនឲ្យលេងលាបម្សៅដាក់គ្នា និងហាមមិនឲ្យមានការប្រមូលផ្តុំជាសាធារណៈដូចអ្វីដែលពលរដ្ឋបានធ្វើក្នុងពេលកន្លងមកនោះទេ។

គណៈកម្មាធិការជំងឺឆ្លងនៅទីក្រុងបាងកកបានសម្រេចចិត្តអនុញ្ញាតឱ្យមានការលេងបាញ់ទឹកនៅក្នុងតំបន់ជាក់លាក់ ដែលបានស្នើសុំការអនុញ្ញាត ហើយអ្នករៀបចំត្រូវតែគោរពតាមវិធានការ ដែលកំណត់ដោយមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពកូវីដ-១៩ ដោយអ្នកចូលរួមត្រូវតែរក្សាគម្លាតសុវត្ថិភាព ៤ ម៉ែត្រពីគ្នា ពាក់ម៉ាស់ឲ្យបានគ្រប់គ្នា និងមិនអនុញ្ញាតឲ្យទទួលគ្រឿងស្រវឹងឡើយ។

​ គួរបញ្ជាក់ជូនថា វិធានការរបស់អាជ្ញាធរថៃខាងលើនេះត្រូវបានដាក់ចេញក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ដ្បិតក្រុមអ្នកជំនាញបានព្យាករណ៍ថា ក្រោយពេលបុណ្យចូលឆ្នាំប្រពៃណីថៃរួចគឺចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នឹងកើនឡើងខ្ពស់ ពោលគឺអាចឡើងរហូតដល់ខ្ទង់ ១០០,០០០នាក់នៅក្នុងមួយថ្ងៃ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Thaiger

Share This Post: