ម្ចាស់ភោជនីយដ្ឋាននៅ បាតាយ៉ា និង ឈៀងម៉ៃ កំពុងស្វះស្វែងសុំអាជ្ញាធរឲ្យអនុញ្ញាតលក់គ្រឿងស្រវឹងរហូតដល់ពាក់កណ្តាលយប់ក្នុងថ្ងៃបុណ្យសង្ក្រាន្ត ដើម្បីពង្រឹងប្រាក់ចំណូលឡើងវិញ
- BY
- Pheakdey
- April 4, 2022
ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ ទី៤ ខែមេសានេះបានឲ្យដឹងថា ក្រុមម្ចាស់ភោជនីយដ្ឋាននៅក្នុង ក្រុងប៉ាតាយ៉ា និង ខេត្តឈៀងម៉ៃ កំពុងស្វះស្វែងសុំអាជ្ញាធរឲ្យមានការអនុញ្ញាតលក់គ្រឿងស្រវឹងរហូតដល់ពាក់កណ្តាលយប់ ឬម៉ោង ១ រំលងអាធ្រាតនៅក្នុងឱកាសនៃពិធីបុណ្យសង្ក្រាន្តខាងមុខនេះ ដើម្បីឲ្យម្ចាស់ភោជនីយដ្ឋានអាចពង្រឹងប្រាក់ចំណូលរបស់ខ្លួនឡើងវិញ ក្រោយទទួលរងផលប៉ះពាល់ដោយវិបត្តិនៃជំងឺកូវីដ-១៩។ គួររម្លឹកជូនថា នាពេលកន្លងមកដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ អាជ្ញាធរថៃបានសម្រេចកំណត់ម៉ោងសម្រាប់លក់គ្រឿងស្រវឹងនៅតាមគ្រប់ភោជនីយដ្ឋានក្នុងគោលបំណងកាត់បន្ថយការជួបជុំរបស់ក្រុមអតិថិជន។

វិធានការខាងលើនេះពិតណាស់ថាបានចូលរួមចំណែកទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ បានមួយផ្នែក តែវាក៏បានធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់ម្ចាស់ភោជនីយដ្ឋានយ៉ាងខ្លាំងផងដែរ។ បើតាមលោក Patsanat Asvachaisopon នាយកគ្រប់គ្រងនៃសណ្ឋាគារ Grand Jomtien Palace Hotel បានឲ្យដឹងថា រដ្ឋាភិបាលថៃគួរតែបន្ធូរបន្ថយច្បាប់ស្តីពីការប្រើប្រាស់គ្រឿងស្រវឹងនៅគ្រប់ថ្ងៃឈប់សម្រាកតែម្តង ពោលគឺមិនមែនតែនៅក្នុងពិធីបុណ្យសង្ក្រាន្តនេះទេ។ នាយកគ្រប់គ្រងរូបនេះបានបន្តថា បើអាជ្ញាធរនៅតែបន្តអនុវត្តច្បាប់យ៉ាងតឹងរឹងទៀតនោះគឺចំនួនភោជនីយដ្ឋានដែលត្រូវក្ស័យធនឹងបន្តកើនឡើងហើយវាក៏អាចបង្កឲ្យមានបញ្ហាសង្គមផ្សេងៗជាច្រើនទៀតផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






