អង់គ្លេសកាត់ទោសពីឡុតម្នាក់ឲ្យជាប់គុក១២ខែ ដោយសារក្លែងបន្លំ CV ដើម្បីបានធ្វើការបើកយន្តហោះនៅក្រុមហ៊ុន British Airways
- BY
- Pheakdey
- April 5, 2022
អង់គ្លេស៖ បណ្តាញសារព័ត៌មាន Daily Mail បានរាយការណ៍ថា មានអ្នកបើកបរយន្តហោះម្នាក់ត្រូវកាត់ទោសឲ្យជាប់គុក ១២ខែក្រោយរូបគាត់បានប្រឌិតព័ត៌មានជាច្រើននៅលើពាក្យសុំធ្វើការងាររបស់គាត់ (CV)។ អ្នកបើកបរយន្តហោះរូបនេះមានឈ្មោះថា Craig Butfoy អាយុ ៤៩ឆ្នាំ ជាពលរដ្ឋដែលមានដើមកំណើតអៀរឡង់ តែរឿងចម្រូងចម្រាសរបស់គាត់បានកើតឡើងនៅក្នុងប្រទេសអង់គ្លេសហើយតុលាការ Snaresbrook Crown Court របស់អង់គ្លេសជាអ្នកសម្រេចលើការផ្តន្ទាទោសចំពោះករណីមួយនេះ។

ប្រភពខាងលើបានបន្តថា នៅលើ CV របស់លោក Craig Butfoy ដែលបានដាក់ទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ British Airways នោះ គឺគាត់បានអះអាងថា គាត់បានទទួលអាជ្ញាប័ណ្ណបើកបរយន្តហោះឯកជនតាំងពីឆ្នាំ ១៩៩៩ ម្លេះ ហើយគិតត្រឹមពេលនេះគាត់មានបទពិសោធន៍បើកបររយៈពេល ១,៦១០ម៉ោងហើយ។
យ៉ាងណាក្តីគេបានរកឃើញថា តាមការពិតលោក Craig Butfoy ធ្លាប់មានបទពិសោធន៍ជាអ្នកបើកយន្តហោះឲ្យក្រុមហ៊ុនអាកាសចរណ៍ Stobart Air ក្នុងរយៈពេលខ្លីមួយប៉ុណ្ណោះ ពោលគឺចន្លោះពីខែមេសា ឆ្នាំ ២០១៦ មកដល់ខែមីនា ឆ្នាំ ២០១៨។ បើតាមអាជ្ញាធរអង់គ្លេសបានបញ្ជាក់ថា ការភូតកុហកដូចក្នុងករណីខាងលើនេះមិនមែនជារឿងតូចតាចឡើយ ដ្បិតវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដំណើររាប់រាយនាក់ ប្រសិនបើគេជ្រើសរើសអ្នកបើកយន្តហោះខុស។ ដូចនេះហើយទើបតុលាការអង់គ្លេសសម្រេចផ្តន្ទាទោសលោក Craig Butfoy ក្នុងរយៈពេលដ៏យូរមួយ ដើម្បីកុំឲ្យអ្នកផ្សេងទៀតហ៊ានយកគំរូតាមគាត់៕

អត្ថបទ៖ ភក្តី
ប្រភព៖Daily Mail
- Share This Post:






