ប្រទេសថៃរកឃើញអ្នកដឹកជញ្ជូនម្នាក់វិជ្ជមានកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ XE
- BY
- Pheakdey
- April 5, 2022
ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី៥ ខែមេសានេះបានឲ្យដឹងថា អាជ្ញាធរសុខាភិបាលថៃបានរកឃើញបុរសម្នាក់តេស្តវិជ្ជមានជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ XE។ បើតាមលោកវេជ្ជបណ្ឌិត Supakit Sirilak អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃបានបញ្ជាក់ថា បុរសដែលបានវិជ្ជមានជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ XE នោះមានអាយុ ៣៤ ឆ្នាំ មានមុខរបរជាអ្នកដឹកជញ្ជូន ហើយរូបគាត់ក៏មានទំនាក់ទំនងដោយផ្ទាល់ជាមួយពលរដ្ឋមួយចំនួនផ្សេងទៀងផងដែរ មុនពេលទៅធ្វើតេស្ត។

គួរបញ្ជាក់ជូនថា វ៉ារ្យ៉ង់អូមីក្រុង XE គឺជាមេរោគបញ្ចូលគ្នារវាងរវាងមេរោគអូមីក្រុង BA.1 និងមេរោគអូមីក្រុង BA.2 ហើយវ៉ារ្យ៉ង់នេះត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសហ្វាំងឡង់។ នាពេលកន្លងមកក្រុមអ្នកវិទ្យាសាស្រ្តបានអះអាងថា រ្យ៉ង់អូមីក្រុង XE អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាងមេរោគអូមីក្រុង BA.2 ប្រមាណជា ១០ប៉ុណ្ណោះ។ កាលពីដើមសប្តាហ៍នេះអាជ្ញាធរសុខាភិបាលថៃបានចេញមកបញ្ជាក់ប្រាប់ពលរដ្ឋកុំឲ្យភ័យស្លន់ស្លោរចំពោះវត្តមាននៃវ៉ារ៉្យង់មេរោគអូមីក្រុង XE ដោយអាជ្ញាធរថៃបានអះអាងថា អូមីក្រុង XE នឹងមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ពោលគឺវាស្ថិតនៅក្នុងកម្រិតមួយដែលគេអាចគ្រប់គ្រងបាន៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






