ចាប៉ីដងវែងច្នៃពីដបទឹកសុទ្ធ និងទុយោ នឹងបង្ហាញខ្លួនចុងខែវិច្ឆិកានេះ
លោក វណ្ណ ផាណ្ណា អ្នកមើលការខុសត្រូវ និងជាអ្នកស្ថាបនា និងអភិវឌ្ឍន៍វត្ដរាជបូព៌លោក មានប្រសាសន៍ថា វិចិត្រករនៅខេត្តសៀមរាប នៃអង្គការសិល្បៈខ្មែរអមតៈ បានច្នៃប្រឌិត ដោយយកដបទឹកសុទ្ធចំនួន៦.០០០ដប និងទុយោចំនួន ១៦.០០០ដើម មកច្នៃចេញជាចាប៉ីដងវែង មានប្រវែង៦ម៉ែត្រ ដើម្បីយកទៅដាក់តាំងនៅមហោស្រពចាប៉ីដងវែងនៅក្នុងបរិវេណវត្តរាជបូព៌ ក្នុងសៀមរាប ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ខាងមខនេះ ដើម្បីលើកស្ទួយដល់សិល្បៈចាប៉ី ដែលប្រឈមនឹងបាត់បង់ ខណៈកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមកនេះ បានដឹកតាមរយៈរទេះគោដោយមានកង់ធាក់ បង្ហាញជាសាធារណៈ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក នៅខេត្តសៀមរាប ។
លោក វណ្ណ ផាណ្ណា បានបញ្ជាក់ទៀតថា ការច្នៃជាចាប៉ីដងវែង ពីដបទឹកសុទ្ធនេះ គឺក្នុងគោលបំណងបង្ហាញដល់ពលរដ្ឋខ្មែរ ឲ្យចេះរក្សាទុកសំរាម និងបោះចោលសំរាមឲ្យមានរបៀប និងត្រឹមត្រូវ ដើម្បីកុំឲ្យមានកាកសំណល់ប៉ះពាល់ដល់សុខភាពមនុស្ស និងបង្ហាញពីសំរាមក៏មានអត្ថប្រយោជន៍ផងដែរ ជាពិសេស ចង់ឲ្យកូនខ្មែរ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស់ស្ទីកផងដែរ ព្រោះវាបានជះឥទ្ធពលពីបរិស្ថានមិនល្អផងដែរ ដែលធ្វើប៉ះពាល់ទីក្រុងទេសចរណ៍អង្គរ ខណៈខេត្ដនេះមានភ្ញៀវទេសចរណ៍រាប់លាននាក់មកទស្សនាក្នុងមួយឆ្នាំៗ។
លោក វណ្ណ ផាណ្ណា បានអំពាវនាវដល់ពលរដ្ឋខ្មែរ សូមជួយរក្សាទុកសំរាម ជាពិសេសជាតិប្លាស់ស្ទីកឲ្យបានត្រឹមត្រូវ ដើម្បីថែរក្សាបរិស្ថាន អនាម័យ នៅក្នុងតំបន់ទេសចរណ៍អង្គរ ជួយលើកស្ទួយទីក្រុងបុរាណមួយនេះ ឲ្យក្លាយជាតំបន់ទេសចរណ៍ពណ៌បៃតង ហើយអង្គការសិល្បៈខ្មែរអមតៈ បានជួយជ្រោមជ្រែងដល់យុវជន ឲ្យមានជំនាញសិល្បៈរាប់រយនាក់ផងដែរ ជាពិសេសបង្រៀនឲ្យចេះសម្បែងសិល្បៈបុរាណខ្មែរ ៕


ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប