ចាប់ពីឆ្នាំ២០១៩ទៅ ម៉ាឡេស៊ីនឹងបញ្ចុះតម្លៃជិះរថភ្លើង ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋខ្លួន
រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសជាសាធារណៈថា ចាប់ពីខែមករា ឆ្នាំ ២០១៩ នេះតទៅ រដ្ឋាភិបាលនឹងផ្តល់តម្លៃពិសេសចំពោះ មធ្យោបាយធ្វើដំណើរសាធារណៈមួយចំនួនទៅកាន់ប្រជាពលរដ្ឋរបស់ខ្លួន ដូចជាតម្លៃធ្វើដំណើរតាមរថភ្លើង The Skypark Link ពីទីក្រុងកូឡាឡាំពួទៅកាន់ព្រលានយន្តហោះ Sultan Abdul Aziz Shah គឺមានតម្លៃត្រឹមតែ RM១១ (២,៦ ដុល្លារ) ប៉ុណ្ណោះសម្រាប់ការធ្វើដំណើរម្តង។ ជាងនេះទៅទៀតសម្រាប់ជនមានពិការភាព និងមនុស្សចាស់ជរានឹងទទួលបានការបញ្ចុះ តម្លៃ ៥០% បន្ថែមទៀតផង។
បើតាមលោក Anthony Loke Siew Fook រដ្ឋមន្ត្រីក្រសួងដឹងជញ្ជូនម៉ាឡេស៊ីបានប្រាប់ឲ្យដឹងថា ការពិតទៅរដ្ឋាភិបាលគ្មានបំណងចង់បានប្រាក់ចំណេញពីសេវាធ្វើដំណើរសាធារណៈខាងលើនេះទេ ហើយការយកថ្លៃបន្ដិចបន្តួចនេះគឺគ្រាន់តែទុកជាចំណែកមួយសម្រាប់កែលម្អសេវានេះតែប៉ុណ្ណោះ។ សេចក្តី សម្រេចខាងលើនេះ ទទួលបានការសាទរជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋម៉ាឡេស៊ី ហើយរដ្ឋាភិបាលគ្រោងនឹងធ្វើការបញ្ចុះតម្លៃលើសេវាធ្វើដំណើរសាធារណៈជាច្រើនកន្លែងទៀតផងដែរនៅឆ្នាំបន្ទាប់ទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz
