គួរឈ្វែងយល់! ព្រឹទ្ធបុរសរងមហាវិទ្យាល័យបុរាណវិទ្យា ពន្យល់ពីមូលហេតុដែលយក ល្ខោនខោលវត្តស្វាយអណ្ដែត ចុះបញ្ជីយូណេស្កូ ហើយជាបេតិកភណ្ឌអរូបីការពារបន្ទាន់ (មានវីដេអូ)
ក្រោយពេលដែល ល្ខោនខោលវត្តស្វាយអណ្តែត ត្រូវបានចុះបញ្ជីល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌអរូបី គឺដើម្បីសង្គ្រោះបន្ទាន់ (Urgent Safeguarding List) មានមហាជនខ្មែរជាច្រើនបានបង្ហាញការភ្ញាក់ផ្អើល និងមានចម្ងល់ជាខ្លាំងក្នុងការដាក់ ល្ខោនខោលខ្មែរ នៅក្នុងការការពារសង្គ្រោះបន្ទាន់បែបនេះ។ យ៉ាងណាមិញលោក ព្រាប ចាន់ម៉ារ៉ា ព្រឹទ្ធបុរសរងមហាវិទ្យាល័យបុរាណវិទ្យា និងជាគ្រូបង្រៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបង្ហាញវត្តមានជាភ្ញៀវកិត្តិយសក្នុងការផ្តល់បទសម្ភាសន៍នៅក្នុងវិទ្យុបារាំងអន្តរជាតិ ព្រមទាំងបានពន្យល់ពីមូលហេតុដែល យកឈ្មោះល្ខោនខោលវត្តស្វាយអណ្តែត ហើយជាបេតិកភណ្ឌអរូបីការពារបន្ទាន់។
លោក ព្រាប ចាន់ម៉ារ៉ា បានពន្យល់់ថាការដាក់ ល្ខោនខោលវត្តស្វាយអណ្តែតនេះ គឺអនុវត្តតាមគោលការណ៍របស់អង្កការយូណេស្កូ ដែលតម្រូវឲ្យយកទីតាំង ឬសហគមន៍ដែលបានអភិរក្សល្ខោនខោលនេះបានល្អជាងគេ ធ្វើជាតំណាងឲ្យល្ខោនខោលដទៃទៀតនៅក្នុងប្រទេសកម្ពុជា។ ហើយមូលហេតុនៃការដាក់បញ្ជូល ល្ខោនខោលស្វាយអណ្តែត តំណាងទូទាំងប្រទេសនេះគឺល្ខោនខោលស្ថិតនៅក្នុងប្រពៃណីរបស់អ្នកស្រុកនិងរបស់សហគមន៍ផ្ទាល់ ហើយងាកមកមើលយុវជនសម័យថ្មីងាកចេញពីប្រពៃណីខ្លះ ហើយម្យ៉ាងទៀតល្ខោនខោលនេះគឺរស់ដោយសារតែអ្នកស្រុកផ្ទាល់តែម្តង។

ក្នុងនោះក៏មានការបញ្ជាក់ពីលោក ស៊ីយ៉ុន សុភារិទ្ធ នៅលើបណ្តាញសង្គមហ្វេសប៊ុកថា “ស្រុកបារាំង ស្រុកចិន ប្រេស៊ីល…។ល។ គេមានដាក់ចូលបញ្ជីដែលត្រូវការពារបន្ទាន់ដូចគ្នាដែរ។ ត្រង់នេះមិនមានន័យថាអវិជ្ជមាននោះទេ ផ្ទុយទៅវិញគឺជាការទាញយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋានទាំងអ្នកថា និងអ្នកធ្វើ ទាំងនៅស្រុកខ្មែរ និងអន្តរជាតិ ឲ្យមករួមគ្នាគិតគូអំពីមរតកជាតិមួយនេះទាំងអស់គ្នា។ អនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី គឺផ្ដោតលើកិច្ចការពារបេតិកភណ្ឌ។ មិនមែនគណកម្មការអន្តររដ្ឋាភិបាលមកពីប្រទេសនានា២៤ប្រទេស មកវាយតម្លៃលេខមួយ លេខពីររបស់នេះល្អជាង បេតិកភណ្ឌនោះអាក្រក់ជាងរបស់នេះទេ។សូមកុំយល់ច្រឡំ។ ក្នុងកម្រិតអន្តរជាតិយូណេស្កូ គេមិនមែនធ្វើឲ្យមានជាតិនិយមនោះទេ។ គេឲ្យតម្លៃលើភាពផ្សេងគ្នានៃវប្បធម៌ពីស្រុកមួយទៅ ស្រុកមួយខុសទៅ។

ដើម្បីជ្រាបច្បាស់សូមស្តាប់នៅខាងក្រោមនេះ៖


ប្រភព៖ វិទ្យុបារាំងអន្តរជាតិ / ស៊ីយ៉ុន សុភារិទ្ធ