សមត្ថកិច្ចសន្និដ្ឋានថា ឧកញ៉ា វណ្ណ រ៉ាម៉ុន ម្ចាស់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បាញ់សម្លាប់ខ្លួនព្រោះតែវិបត្តិផ្ទាល់ខ្លួន
មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយ ឧកញ៉ា វណ្ណ រ៉ាម៉ុន ថៅកែកំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ និងជានាយករង នាយកដ្ឋានអន្តោប្រវេសន៍ បានបាញ់សម្លាប់ខ្លួននៅវេលាម៉ោងប្រមាណជាង៥ល្ងាច ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ នៅទីស្នាក់ការកំពង់ចម្លង ស្ថិតក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។
របាយការណ៍របស់នគរបាលស្រុកល្វាឯម ខេត្តកណ្តាល បានបញ្ជាក់ថា នគរបាលជំនាញខេត្ត សហការជាមួយនគរបាលមូលដ្ឋាន និងគ្រូពេទ្យរួមជាមួយអាជ្ញាធរស្រុក ឃុំ ភូមិ បានពិនិត្យសាកសពយ៉ាងលំអិត រួចធ្វើការសន្និដ្ឋានថាការបាញ់សម្លាប់ខ្លួនឯង របស់លោកឧកញ៉ា វ៉ាន់ រ៉ាម៉ុន ថៅកែកំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ ព្រោះតែមានវិបត្តិផ្ទាល់ខ្លួន តែមិនបានបញ្ជាក់ថា ជាវិបត្តិស្នេហា វិបត្តិគ្រួសារ ឬវិបត្តិមុខជំនួញនោះទេ។
គួរបញ្ជាក់ផងដែលថាមុនពេលកើតហេតុ ឈ្មោះ វ៉េង ដារិទ្ធ ជាអ្នកតំណាងមើលការខុសត្រូវកំពង់ចម្លង បានចូលក្នុងផ្ទះកន្លែងស្នាក់ការកំពង់ចម្លងរបស់ជនរងគ្រោះដើម្បីបូមប្រេង។ ពេលចូលទៅទ្វាររបងបិទខ្ទាស់គន្លឹះក្នុងជាប់ ឈ្មោះ វ៉េង ដារិទ្ធ ក៏ផ្លោះរបងចូលរួចរៀបទុយោប្រេងបូម ហើយរួចក៏ទៅគោះទ្វារបន្ទប់ជនរងគ្រោះជាថៅកែខ្លួន ដើម្បីរាយការណ៍ពីចំណូលចំណាយ តែមិនឮឆ្លើយតប ពេលក៏ច្រានទ្វារចូលស្រាប់ តែឃើញជនរងគ្រោះដេកស្លាប់លើគ្រែដែកក្រាលពូក និងហូរឈាមពេញលើឥដ្ឋការ៉ូ បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន៕




