សិង្ហបុរីអាចនឹងក្លាយជាប្រទេសទីមួយនៅលើពិភពលោក ដែលហាមភេសជ្ជៈបែបនេះមិនឲ្យលក់ក្នុងប្រទេសខ្លួន
ប្រទេសសិង្ហបុរីអាចនឹងក្លាយជាប្រទេសទីមួយនៅលើពិភពលោក ដែលមានការហាមឃាត់មិនឲ្យមានលក់ភេសជ្ជៈ ដែលមានកម្រិតជាតិស្ករខ្ពស់។ បើយោងតាមសារព័ត៌មាន Worldofbuzz បានឲ្យដឹងថា ពេលនេះក្រសួងសុខាភិបាលសិង្ហបុរីកំពុងតែធ្វើការពិចារណាយ៉ាងយកចិត្តទុកដាក់ ចំពោះការហាមឃាត់ភេសជ្ជៈប្រភេទនេះ ដោយក្រសួងបានមើលឃើញថា ភេសជ្ជៈប្រភេទនេះបានកំពុងតែធ្វើឲ្យប្រជាពលរដ្ឋខ្លួនមានជំងឺធាត់ជ្រុល និងបង្កឲ្យមានជំងឺទឹកនោមផ្អែមបានយ៉ាងងាយ ដូចនេះហើយទើបក្រសួងត្រូវតែរកវិធានការដើម្បីទប់ស្កាត់។
តាមការសិក្សាបានរកឃើញថា ក្នុងការញ៉ាំភេសជ្ជៈ ដែលមានកម្រិតជាតិស្ករមធ្យម ឬច្រើន ម្តង វាអាចនាំយកជាតិស្ករប្រមាណជា ៤ ស្លាបព្រាកាហ្វេចូលទៅក្នុងខ្លួនរបស់យើង ខណៈដែលរាងកាយរបស់យើងត្រូវការជាតិស្ករប្រមាណជា ១២ ស្លាបព្រាការហ្វេប៉ុណ្ណោះក្នុងមួយថ្ងៃ ដូចនេះប្រសិនបើយើងញ៉ាំភេសជ្ជៈប្រភេទនេះច្រើន ហើយរួមជាមួយនឹងអាហារផ្សេងៗទៀតនោះ វានឹងបំលែងទៅជាបរិមាណស្ករយ៉ាងច្រើនក្នុងរាងកាយរបស់យើង។ ក្រសួងសុខាភិបាលសិង្ហបុរីកំពុងពិចារណាជម្រើស ៤ ដូចជា៖
១. តំឡើងពន្ធឲ្យខ្ពស់ ចំពោះផលិតផលភេសជ្ជៈ ដែលមានជាតិស្ករខ្ពស់ ដើម្បីឲ្យប្រជាពលរដ្ឋកាន់បន្ថយការទទួលទាន។
២. បិទរាល់ការផ្សព្វផ្សាយគ្រប់រូបភាពអំពីផលិតផលភេសជ្ជៈដែលមានជាតិស្ករខ្ពស់។
៣. បិទពីសញ្ញាគ្រោះថ្នាក់លើដបភេសជ្ជៈ។
៤. បិទមិនឲ្យមានការនាំយកផលិតផលទាំងនេះមកលក់ក្នុងប្រទេសតែម្តង។
ប្រសិនជម្រើសទី ៤ បានកើតឡើងមែន សិង្ហបុរីនឹងក្លាយជាប្រទេសទី ១ នៅលើពិភពលោក ដែលគ្មានភេសជ្ជៈដែលមានជាតិស្ករខ្ពស់៕
អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz