អ្នកវិទ្យាសាស្រ្តបានទទួលជោគជ័យលើការធ្វើតេស្តបេះដូងជ្រូកជាមួយស្វាបាប៊ូ ដែលវានឹងមានប្រសិទ្ធិភាពលើមនុស្សឆាប់ៗ
បេះដូងជ្រូកអាចនឹងត្រូវបានផ្លាស់ប្តូរទៅឱ្យមនុស្សឈឺ ដើម្បីព្យាបាលជំងឺ ដែលគំរាមកំហែងដល់អាយុជីវិតរបស់ពួកគេ។ វិទ្យាសាស្ត្រកាន់តែអភិវឌ្ឍន៍ជឿនលឿនទៅមុខ ហើយការធ្វើតេស្តថ្មីមួយបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយក្រុមអ្នកវិទ្យាសាស្ត្របានផ្លាស់ប្តូរបេះដូងរបស់ជ្រូកទៅស្វាបាប៊ូ និងថែមទាំងអាចរក្សាជិវិតស្វាបាប៊ូនោះបានរហូតដល់១៩៥ថ្ងៃ។ អ្នកវិទ្យាសាស្រ្តមានការរីករាយនឹងការស្រាវជ្រាវនេះ ហើយបានហៅវាថា «ជារបកគំហើញដ៏សំខាន់មួយ»។ ការផ្លាស់ប្តូរបេះដូងដែលមានសុខភាពល្អពីសត្វមួយទៅក្នុងសរីរាង្គប្រភេទមួយផ្សេងទៀតត្រូវបានគេស្គាល់ថាជា xenotransplantation ។
ស្របពេលដែលបញ្ជីរង់ចាំការបរិច្ចាគសរីរាង្គពីអ្នកស្លាប់ និងអ្នកបរិច្ចាគផ្សេងៗកំពុងតែកើនឡើងនៅជុំវិញពិភពលោក អ្នកជម្ងឺរ៉ាំរ៉ៃជាច្រើនអាចនឹងស្លាប់បានប្រសិនបើការប្តូរសរីរាង្គមិនទទួលបានជោគជ័យ។ វេជ្ជបណ្ឌិត Christoph Knosalla នៃមជ្ឈមណ្ឌលបេះដូងអាល្លឺម៉ង់ប៊ឺឡាំងនៅទីក្រុងប៊ែកឡាំងបានសរសេរក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ជំងឺខ្សោយបេះដូងនៅសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងឈានដល់ជាង៨លាននាក់ នៅត្រឹមឆ្នាំ២០៣០ ហើយភាគច្រើននៃអ្នកទាំងនោះនឹងស្លាប់នៅកំឡុងពេលរង់ចាំជំនួយពីអ្នកបរិច្ចាគ»។ យ៉ាងណាមិញការស្រាវជ្រាវថ្មីត្រូវបានគេយកមកធ្វើតេស្តដោយយកបេះដូងរបស់សត្វជ្រូកមកប្តូរជាមួយសត្វស្វាបាប៊ូ (ពូជស្វាដែលមានលក្ខណៈដូចមនុស្ស) ហើយជាលទ្ធផលគឺស្វាបាប៊ូអាចរស់បន្តនិងមានសុខភាពល្អបាន១៩៥ថ្ងៃ។ ការធ្វើតេស្តដ៏ជោគជ័យនេះបានធ្វើឱ្យ «The Munich groups» មានបំណងចង់ឱ្យការធ្វើតេស្តនេះប្រែក្លាយជាការពិតមកលើមនុស្ស ដោយឃើញថាតម្រូវការផ្លាស់ប្តូរសរីរាង្គ និងការស្លាប់ដោយកំឡុងពេលរង់ចាំអ្នកបរិច្ចាគមានការកើនឡើងជាលំដាប់ជារៀងរាល់ថ្ងៃ៕





អត្ថបទ៖ លីដា
ប្រភព៖ dailymail