សៀវភៅរាប់ម៉ឺនក្បាលដែលជាអំណោយសម្តេចតេជោ ហ៊ុនសែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងចែកជូនដល់អ្នកនិយមអានសៀវភៅ ក្នុងពិធីតាំងពិព័ណ៍សៀវភៅកម្ពុជាលើកទី៧
យោងតាមការប្រកាសរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអនុញ្ញាតឲ្យសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំចែកសៀវភៅដោយមិនគិតថ្លៃជូនដល់សាធារណ:ជន ដែលពិធីចែកនេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៧ ដល់ទី០៩ ខែធ្នូ ឆ្នាំ២០១៨ ក្នុងពិធីតាំងពិព័ណ៍សៀវភៅកម្ពុជាលើកទី៧ ដែលនឹងប្រារព្វធ្វើនៅក្នុងបរិវេណបណ្ណាល័យជាតិ ក្រុងភ្នំពេញ។
អំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរ ធ្វើឡើងក្នុងគោលបំណងលើកស្ទួយ និងជំរុញវិស័យអំណានឲ្យកាន់តែមានភាពផុសផុល ព្រោះថាការអាន បង្កើតនូវវិជ្ជា ដែលជាទ្រព្យមិនចេះបាត់បង់ និងរីងស្ងួត។ គួរបញ្ជាក់ថា សៀវភៅចំនួនបួនប្រភេទនឹងត្រូវចែកជូននោះរួមមាន សៀវភៅ “ក្រមង៉ុយ” “បណ្ឌិត អ៊ូ ចុង” “ស្រីហិតោបទេស ភាគ១” និង “ស្រីហិតោបទេស ភាគ២”។ អាស្រ័យហេតុនេះ សូមបងប្អូន សាធារណជន និងយុវជនទាំងអស់អញ្ជើញរួសរាន់ទៅទទួលយកសៀវភៅឱ្យបានទាំងអស់គ្នា ព្រោះចំនួនមានកំណត់៕






ប្រភព៖ សហភាពសហព័ន្ធយុវជនកម្ពុជា