ខួបទី៦៦ឆ្នាំ ការយាងសោយទីវង្គតនៃព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្ដម គន្ធបុប្ផា
នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នេះជាខួបទី៦៦ឆ្នាំ ការយាងសោយទីវង្គត នៃព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្ដម គន្ធបុប្ផា។ ព្រះអង្គម្ចាស់ក្សត្រី នរោត្ដម គន្ធបុប្ផា គឺជាព្រះរាជធិតាអង្គទី៨ នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ទ្រង់ប្រសូតនៅថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំជូត សំរឹទ្ធិស័ក ព.ស.២៤៩១ ត្រូវនឹងថ្ងៃទី១៦ ខែសីហា គ.ស.១៩៤៨ វេលាម៉ោង១១ និង៣០នាទី។
ព្រះរាជធីតា នរោត្ដម គន្ធបុប្ផា តាំងពីទ្រង់ប្រសូតមក ព្រះករុណាជាអម្ចាស់ជីវិតជាព្រះវររាជបិតា ទ្រង់ទុកឲ្យគង់នៅប្រាសាទខេមរិន្ទ្រជិតព្រះអង្គជាប់ជាដរាបមក។ ដោយទ្រង់បានថែរក្សាដោយការថ្នាក់ថ្នមជាទីបំផុត ទ្រង់ពុំសូវដែលឲ្យមានការឃ្លាតពីព្រះអង្គយូរទេ។ព្រះមហាក្សត្រទ្រង់ពេញព្រះរាជហឫទ័យនិងព្រះរាជធីតាព្រះអង្គនេះណាស់ ព្រោះទ្រង់ធ្លាប់បានសង្កេតឃើញថា ព្រះធីតាមានសណ្ដាប់ធ្នាប់ល្អប្លែកខុសពីក្មេងធម្មតា។ ការខុសត្រូវផ្សេងៗមិនចាំបាច់ព្រះវររាជបិតាមាតា ឬភីលៀងថែរក្សាមានព្រះបន្ទូល ឬនិយាយបញ្ចេះក៏ទ្រង់អាចជ្រាបបានដោយព្រះអង្គឯង ហើយប្រកបនឹងកិរិយាឫកពារដ៏រំទំថ្លៃថ្នូរស្ងប់ស្ងៀម សមជាព្រះរាជធីតាម្ចាស់ផែនដីពិតៗមិនទាស់នឹងភ្នែកអ្នកផងទាំងពួង។

ព្រះអង្គម្ចាស់ក្សត្រី នរោត្ដម គន្ធបុប្ផា ច្រើនប្រឈួនព្រះទាហរោគ (គ្រុនក្ដៅព្រះអង្គ) តាំងពីដើមមក តែមុនៗពេទ្យអាចព្យាបាលបំបាតរោគនេះ ថ្វាយជាស្រឡះបាន។ លុះព្រះជន្មាយុចូលកំឡុង ៥ព្រះវស្សា ទ្រង់ក៏ចាប់ប្រឈួនព្រះរោគដដែលនេះជាខ្លាំងជាងមុន ហួសកម្លាំងពេទ្យនឹងថ្វាយឱសថទប់ទល់បាន ប្រឈួនបានតែ៧ថ្ងៃ ទ្រង់សុគតនៅក្នុងថ្ងៃជាគម្រប់៨ គឺនៅថ្ងៃសៅរ៍ ១២រោច ខែមិគសិរ ឆ្នាំរោង ចត្វាស័ក ព.ស.២៤៩៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ គ.ស.១៩៥២ វេលាម៉ោង២ និង៤៥នាទី។
ដើម្បីឧទ្ទិសដល់ព្រះរាជធីតា ព្រះវររាជបិតាទ្រង់ក៏បានត្រាស់បង្គាប់ឲ្យសាងសង់មន្ទីរពេទ្យមួយឡើងដោយដាក់ឈ្មោះថាមន្ទីរពេទ្យគន្ធបុប្ផាទី១ និងត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩៦៣។ នៅក្រោយមកទៀត ព្រះអង្គក៏បានបរិច្ចាគដីមួយផ្នែកឯព្រះបរមរាជវាំងដើម្បីសាងសង់មន្ទីរពេទ្យគន្ធបុប្ផាទី២ កាលពីឆ្នាំ១៩៩៥ ដើម្បីជាគុណប្រយោជន៍ព្យាបាលកុមារក្រីក្របានយ៉ាងច្រើនសែននាក់ទូទាំងព្រះនគរ។
គួររំលឹកផងដែលថាក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងនាថ្ងៃទី៤ ខែមករា ឆ្នាំ១៩៥៣ ព្រះបរមអដ្ឋិនៃព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្ដម គន្ធបុប្ផា ត្រូវបានតម្កល់ក្នុងកោដ្ឋមាសបញ្ចុះក្នុងព្រះចេតិយមួយដែលត្រូវបានសាងឡើងក្នុងបរិវេណព្រះវិហារព្រះកែវមរកតនៃព្រះបរមរាជវាំងចតុម្មុខមង្គល។ ក្រោយមកនៅពេលដែលព្រះវររាជបិតាបានចូលព្រះសុវណ្ណគត នៅឆ្នាំ ២០១២ ព្រះបរមអដ្ឋិរបស់ទ្រង់ក៏ត្រូវបានបញ្ចុះនៅក្នុងព្រះចេតិយរួមជាមួយព្រះអង្គម្ចាស់ក្សត្រីយ៍តាមព្រះរាជបណ្ដាំ កាលពីខែកក្កដា ឆ្នាំ២០១៤៕



ប្រភព៖ Ouch Sopheak