អស់ពីសារធាតុគីមី ឥលូវចាប់បានបង្គាស្រស់ចាក់ចាហួយវិញម្តងនៅខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយទទួលបានកិច្ចសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះប្រចាំការ និងត្រួតពិនិត្យទំនិញចំនួន ០៧ តូប ក្នុងផ្សារវាលយន្ត ខេត្តស្វាយរៀង គោលដៅសំខាន់នៃការត្រួតពិនិត្យគឺ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។
ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញរកឃើញ បង្គាស្រស់ចាក់បញ្ចូលចាហួយ ចំនួន ០៣ គីឡូក្រាម។ យោងលើលទ្ធផលនៃការត្រួតពិនិត្យខាងលើ មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះមកកម្ទេចចោលភ្លាមៗ និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

ប្រភព៖ អគ្គនាយកដ្ឋានកាំកុងត្រូល


