អ្នកមានទំលាប់ខាំក្រចកដៃ ប្រញាប់ឈប់ភ្លាមទៅ ប្រយ័ត្នស្តាយក្រោយ ដោយសារតែជំងឺទាំងអស់នេះ
តាំងពីកុមារភាពមក យើងទាំងអស់គ្នាត្រូវបានគេណែនាំឱ្យលាងដៃរបស់អ្នកមុនពេលអ្នកញ៉ាំចំណីអាហារ ពីព្រោះដៃរបស់អ្នកបានផ្ទុកនូវមេរោគជាច្រើន ដែលអាចចម្លងទៅក្នុងខ្លួនរបស់អ្នកប្រសិនបើអ្នកមិនមានអនាម័យ និងអាចបណ្តាលឱ្យមានបញ្ហាដូចជា៖ ឈឺក្រពះ និងការឆ្លងជំងឺ។ យោងតាមការស្រាវជ្រាវមួយបានបង្ហាញថា ដៃរបស់យើងមានមេរោគចំនួន ៥០០០ប្រភេទ ដែលនឹងបង្កមេរោគបានគ្រប់ពេល។ យ៉ាងណាមិញប្រសិនបើអ្នកជាអ្នកញៀននឹងការខាំប្រចកនេះ តើអ្នកធ្លាប់ដឹងដែរឬទេ ថាតើមានមេរោគប៉ុន្មានមុខឆ្លងពីដៃទៅក្នុងខ្លួនរបស់អ្នក? ខាងក្រោមនេះគឺជាផលអាក្រក់នៃការញៀនខាំក្រចកដែលអ្នកគួរតែដឹង និងជៀសវាង៖
១. បាក់តេរីដែលបណ្តាលឱ្យឆ្លងមេរោគ៖ យោងទៅតាមអ្នកឯកទេសនៃជំងឺក្រចកនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Weill Cornell ដៃរបស់យើងមានមេរោគជាច្រើនជាពិសេសគឺបាក់តេរីមួយដែលហៅថា enterobacteriaceae ដែលរួមមានទាំង E-coli ផងដែរ។ នៅពេលអ្នកខាំក្រចក ឬស្បែកនៅជុំវិញ មេរោគទាំងនេះនឹងត្រូវបានបញ្ជូនពីមាត់ ទៅប្រព័ន្ធប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធផ្សេងទៀតនៃរាងកាយ ហើយអាចបង្កឱ្យមានការឆ្លងមេរោគនៅក្នុងក្រពះសួត ឬសូម្បីតែពោះវៀន។

២. រោគស្អុយគល់ក្រចក (Paronychia)៖ វាជាប្រភេទនៃការឆ្លងដែលបណ្តាលមកពីការខាំក្រចករយៈពេលយូរ។ ការខាំ និងហែកស្បែកនៅជុំវិញក្រចកធ្វើឱ្យក្រចកកាន់តែងាយរងការឆ្លង ដែលបណ្តាលមកពីបាក់តេរី ឬមេផ្សិតដែលចូលក្នុងស្បែក។

៣. ប៉ះពាល់ដល់ធ្មេញ៖ ការខាំញីអាចនាំឱ្យមានបញ្ហាធ្មេញ។ នេះបើយោងទៅតាមបណ្ឌិត្យសភាពេទ្យធម្មនុញ្ញបានឱ្យដឹងថា មេរោគដែលចូលក្នុងមាត់របស់អ្នកដោយសារតែខាំក្រចកអាចប៉ះពាល់ដល់ធ្មេញ និងកោសិការបស់អ្នក ហើយបណ្តាលអោយមានការបង្ករោគធ្មេញ។

៤. ការឆ្លងវីរ៉ុស HPV ៖ HPV នេះអាចបណ្តាលឱ្យមានការដុះឫសនៅលើម្រាមដៃរបស់អ្នក ដែលវាអាចចម្លងទៅកាន់មាត់ មុខ ឬបបូរមាត់របស់អ្នកនៅពេលដែលអ្នកខាំក្រចកញឹកញាប់។

៥. បាត់បង់ក្រចក និងការលូតលាស់របស់ក្រចក៖ នៅក្នុងករណីធ្ងន់ធ្ងរនៃការខាំក្រចក អ្នកនឹងបាត់បង់ក្រចកដ៏ស្រស់ស្អាតរបស់អ្នកតែម្តង។ បញ្ហាដែលអាចធ្ងន់ធ្ងរជាងការបាត់បង់ក្រចករបស់អ្នក គឺវាធ្វើឱ្យស្បែកជុំវិញក្រចករបស់អ្នកងាយរងនឹងការឆ្លងមេរោគផ្សេងៗ។

៦. ទំនុកចិត្តទាបលើខ្លួនឯង៖ ទម្លាប់ខាំក្រចកដៃកខ្វក់យូរៗនឹងធ្វើឱ្យស្បែករហែក បញ្ហាទាំងនេះអាចនាំឱ្យមានបញ្ហាសុខភាពផ្លូវចិត្តធំៗ ដូចជាការថប់អារម្មណ៍ និងភាពតានតឹង។

អត្ថបទ៖ លីដា
ប្រភព៖ timesnownews