អស់ទាស់តែម្តង ឥលូវនេះមានម៉ាស់បិទមុខរូបលោក គីម ជុងអ៊ុន ទៀត ដាក់លក់ពេញប្រទេសកូរ៉េ (មានវីដេអូ)
រឿងចម្រូងចម្រាសមួយកំពុងតែកើតឡើងពេញប្រទេសកូរ៉េខាងត្បូង ក្រោយមានម៉ាស់បិទមុខរូបលោកគីម ជុងអ៊ុន ត្រូវបានគេផលិតឡើង និងដាក់លក់នៅលើទីផ្សារ។ ក្រុមហ៊ុន ដែលផលិតម៉ាស់បិទមុខនេះគឺជាក្រុមហ៊ុនសម្អាងដ៏ធំមួយរបស់កូរ៉េខាងត្បូង ហើយបើតាមតំណាងក្រុមហ៊ុននេះបានបញ្ជាក់ថា ការសម្រេចផលិតម៉ាស់បិទមុខរបៀបនេះគឺក្នុងគោលបំណង ដើម្បីលើកកម្ពស់គោលនយោបាយរបស់ប្រទេសទាំងពីរតែប៉ុណ្ណោះ ហើយរហូតមកទល់នឹងពេលនេះក្រុមហ៊ុនបានផលិត និងចែកចាយស្រោមមុខនេះបានចំនួន ២៥,០០០ ស្រោមមុខហើយ។
ចំពោះតម្លៃវិញគឺស្រោមមុខមួយមានតម្លៃ ៤០០០ វ៉ុន (៣,៥ ដុល្លារ)។ យ៉ាងណាក្តី បើយោងតាមច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង បានធ្វើការហាមឃាត់មិនឲ្យប្រជាពលរដ្ឋខ្លួននិយាយ ឬលើកសរសើរពីរដ្ឋាភិបាលកូរ៉េខាងជើងនោះទេ គ្រាន់តែច្បាប់នេះមិនត្រូវបានគេអនុវត្តឲ្យតឹងរឹងនោះទេ។ ដូចនេះការផលិតស្រោមមុខនេះអាចត្រូវបានគេសន្មត់ថា ជាទង្វើខុសនឹងច្បាប់។
ម្យ៉ាងវិញទៀតបើទោះជាមេដឹងនាំនៃប្រទេសទាំងពីរបានជួបគ្នា និងធានាអំពីសន្តិភាពជាមួយគ្នាក៏ដោយ ក៏នៅមានប្រជាជនកូរ៉េខាងត្បូងមួយចំនួននៅតែមិនពេញចិត្តនឹងការផលិតម៉ាស់បិទមុខនេះទាល់តែសោះ ដ្បិតពួកគេនៅគិតថាលោកគីម ជុងអ៊ុន មិនទាន់មានលក្ខណៈពិសេសគ្រប់គ្រាន់ ដែលត្រូវលើកតម្កើងដូចនេះទេ។ រហូតមកទល់នឹងពេលនេះបញ្ហានេះនៅតែជារឿងចម្រូងសម្រាស ហើយរដ្ឋាភិបាលកំពុងតែប្រញាប់ប្រញាប់ដោះស្រាយបញ្ហានេះហើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ bbc


