សង្គម

អបអរសាទរ! ខួប២៦ឆ្នាំ នៃការចូលប្រាសាទអង្គរវត្ត ក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក

BY
Khmernote Media
December 14, 2018

យោងតាមការបង្ហោះរបស់ Royal du Cambodge បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះជាខួបទី២៦ឆ្នាំ ដែលប្រាសាទអង្គរ បានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ក្រោមព្រះរាជតម្រិៈដ៏ថ្លៃថ្លា និងឈ្លាសវៃ នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានធ្វើការអំពាវនាវទៅកាន់អង្គការយូណេស្កូ សុំឲ្យជួយស្រោចស្រង់ការពារក្រុមប្រាសាទអង្គរ។

គួររំលឹកផងដែលថា ក្រោយពីការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សន្និសីទអន្តរជាតិមួយបានប្រារព្ធធ្វើឡើងនៅទីក្រុង តូក្យូ ចាប់ពីថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ១៩៩៣ ក្រោមការផ្តួចផ្តើមគំនិតរបស់រាជរដ្ឋាភិបាលជប៉ុន ដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូ ដើម្បីដាក់ចេញនូវយុត្តិសាស្រ្តនិងផែនការសកម្មភាពនានាជាប្រយោជន៍ដល់កិច្ចការពារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដើម្បីសម្រេចគោលដៅនេះ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ហៅកាត់ថា អាយសុីសុី អង្គរ ត្រូវបានបង្កើតឡើងនាខែធ្នូ ឆ្នាំ១៩៩៣៕

ប្រភព៖ Royal du Cambodge

រូបភាព៖ sovanna Kem

Share This Post: