ពិតជាអាយុថ្លៃមែន! អនុប្រធានាធិបតីអាហ្សង់ទីនបានរួចផុតពីការធ្វើឃាត ក្រោយក្មាន់កាំភ្លើងបាញ់មិនផ្ទុះ
នេះបានគេហៅថា ទឹកដោះម្ដាយថ្លៃពិតមែន ដោយអនុប្រធានាធិបតីអាហ្សង់ទីនម្នាក់នេះ បានគេចផុតពីការធ្វើឃាតបានយ៉ាងមិនគួរឱ្យជឿ បន្ទាប់ពីកាំភ្លើងរបស់ជនសង្ស័យបានបាញ់មិនចេញគ្រាប់ នៅពេលដែលជនសង្ស័យបានភ្ជង់កាំភ្លើងសំដៅមកលើរូបគាត់។ ខ្មាន់កាំភ្លើងបានធ្វើសកម្មភាពខុសបច្ចេកទេសនេះ ទៅលើលោកស្រី Cristina Fernandez de Kirchner ខណៈដែលគាត់កំពុងស្វាគមន៍អ្នកគាំទ្រនៅខាងក្រៅផ្ទះ បន្ទាប់ពីត្រឡប់មកពីតុលាការ ក្រោយប្រឈមនឹងការចោទប្រកាន់ពីបទ «ពុករលួយ»។ លោក Alberto Fernandez ដែលជាប្រធានាធិបតីរបស់អាហ្សង់ទីនបាននិយាយថា កាំភ្លើងមួយនោះមាន ៥គ្រាប់ ប៉ុន្ដែវាបានជាប់គាំងបាញ់មិនចេញគ្រាប់នោះទេ។

ប៉ូលិសបាននិយាយថា ខ្មាន់កាំភ្លើងជាបុរសជនជាតិប្រេស៊ីលអាយុ ៣៥ឆ្នាំ ហើយរូបគេក៏ត្រូវបានចាប់ខ្លួនហើយដែរ។ ក្រុមមន្ត្រីកំពុងព្យាយាមស៊ើបអង្កេតលើករណីនេះបន្ថែមទៀត។ ថ្លែងទៅកាន់ប្រជាជាតិកាលពីយប់ថ្ងៃព្រហស្បតិ៍ លោក Fernandez បាននិយាយថា លោកស្រី Cristina នៅមានជីវិតនៅឡើយទេ ហើយកាំភ្លើងដែលមានគ្រាប់ចំនួន ៥នោះ បាញ់មិនចេញគ្រាប់នោះទេ។ គាត់បានថ្កោលទោសខ្មាន់កាំភ្លើង ហើយបាននិយាយថា ការប៉ុនប៉ងលើជីវិតរបស់លោកស្រីអនុប្រធានាធិបតី គឺជាឧប្បត្តិហេតុអាក្រក់បំផុតមួយ ចាប់តាំងពីប្រទេសនេះបានវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យ នៅឆ្នាំ១៩៨៣។
លោក Alberto Fernandez ក៏បានប្រកាសថ្ងៃឈប់សម្រាកថ្នាក់ជាតិនៅថ្ងៃសុក្រនេះ ដើម្បីទុកពេលឱ្យពលរដ្ឋអាហ្សង់ទីន «បង្ហាញពីការប្រឈម លទ្ធិប្រជាធិបតេយ្យ និងក្នុងសាមគ្គីភាព ជាមួយអនុប្រធានាធិបតីរបស់យើង»៕

អត្ថបទ៖ លីដា
ប្រភព៖ BBC