ស្រុកមួយនៅខេត្តភូកេតកំពុងលិចលង់យ៉ាងដំណំ បន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំកាលពីម្សិលមិញ
- BY
- autoadmin
- September 2, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃសុក្រ ទី០២ ខែកញ្ញា បានរាយការណ៍ថា ស្រុក Thalang របស់ខេត្តភូកេត កំពុងរងការលិចលង់យ៉ាងដំណំ ហើយរូបភាពជាច្រើន បានបង្ហាញពីទីតាំងលិចលង់ រួមទាំងទីលានវាយកូនហ្គោល ស្ថានីយ៍ចាក់បំពេញ សាលារៀន និងខុនដូ នៅជិតព្រលានយន្តហោះភូកេត ខណៈរថយន្តជាង ៤០គ្រឿង និងម៉ូតូ ២០ គ្រឿង បានរងការខូចខាតដោយសារទឹកជំនន់នេះ។ លោកមេភូមិ Worawit Sisakukram បានឱ្យដឹងថា គាត់កំពុងចុះត្រួតពិនិត្យតំបន់រងគ្រោះទឹកជំនន់ជាមួយក្រុមមន្ត្រីស្រុក ដើម្បីវាយតម្លៃការខូចខាត និងស្វែងរកមធ្យោបាយជួយជនរងគ្រោះ។

លោក Worawit បានរាយការណ៍ថា ទឹកជំនន់កំពុងស្រកចុះយឺតៗ ហើយលោកក៏បានស្នើដល់ការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយក្នុងស្រុក ជួយរំដោះទឹកខុនដូដែលលិចលង់នោះផង។ អភិបាលខេត្តភូកេត លោក Narong Woonciew ក៏បានចុះពិនិត្យតំបន់លិចទឹក ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយដល់ជនរងគ្រោះផងដែរ។ ជាមួយគ្នានេះ អាកាសយានដ្ឋានភូកេតបានស្នើឱ្យអ្នកដំណើរមកឱ្យបានពី ៣ ទៅ ៤ ម៉ោងមុនម៉ោងចេញដំណើររបស់ពួកគេ។ អ្នកដំណើរអាចទូរស័ព្ទមកលេខ ០៧៦ ៣៥១១១១ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីអាកាសយានដ្ឋាន និងព័ត៌មានជើងហោះហើរ៕


អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






