អន្តរជាតិ

រដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន ​នឹង​លក់​អាវុធ​ដែល​មាន​តម្លៃ ១.១ ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​កោះតៃវ៉ាន់

BY
autoadmin
September 3, 2022

រដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន បានប្រកាសពីកិច្ចព្រមព្រៀងដែលមានតម្លៃ ១.១ ពាន់លានដុល្លារ ដើម្បីលក់មីស៊ីល និងឧបករណ៍យោធាផ្សេងទៀតទៅឱ្យកោះតៃវ៉ាន់។ រដ្ឋបាលបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានជូនដំណឹងដល់សភាអំពីចេតនារបស់ខ្លួន ក្នុងការលក់មីស៊ីលប្រឆាំងនាវាចំនួន ៦០ គ្រាប់, មីស៊ីលពីអាកាសទៅអាកាសចំនួន ១០០ គ្រាប់ និងអាវុធផ្សេងទៀត។ គួរឱ្យដឹងដែរថា ចាប់តាំងពីដំណើរទស្សនកិច្ចរបស់ប្រធានសភាលោកស្រី Nancy Pelosi ប្រទេសចិនបានបង្កើនសម្ពាធលើកោះតៃវ៉ាន់ ដោយធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ និងការបញ្ជូនយន្តហោះចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ អាមេរិក​បាន​រិះគន់​ចិនយ៉ាងខ្លាំង ដោយចោទប្រទេសចិនថា​ប្រើ​ទស្សនកិច្ច​របស់​លោក Pelosi ជា​លេស។

តាម​រយៈ​ការ​លក់​សព្វាវុធ ទីក្រុង​វ៉ាស៊ីនតោន​ទំនង​ជា​មាន​បំណងចង់ទប់ទល់ជាមួយចិន ដោយ​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះវិស័យការពារ​របស់​តៃវ៉ាន់។ ក្រសួងការពារជាតិអាមេរិកនិយាយថា ការលក់នេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់តៃវ៉ាន់ ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត។ ខ្លួននិយាយថា អាវុធនឹងជួយពង្រឹងអន្តរប្រតិបត្តិការរបស់តៃវ៉ាន់ជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ ជម្រាបដែរថា នេះជាការលក់អាវុធលើកទី៦ ដែលរដ្ឋបាលលោក បៃដិន បានប្រកាស និងជាលើកទី៥ នៅឆ្នាំនេះ ដោយបន្តគោលនយោបាយរបស់ខ្លួន ក្នុងការលក់សព្វាវុធជាច្រើននៅឆ្នាំថ្មីៗនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: