អន្តរជាតិ

កូរ៉េខាងត្បូងបង្កើនកម្រិតប្រកាសអាសន្នចំពោះព្យុះទីហ្វុង Hinnamnor ខណៈអាជីវកម្ម និងជើងហោះហើរមួយចំនួនត្រូវបានផ្អាក

BY
Pheakdey
September 5, 2022

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចន្ទ ទី៥ ខែកញ្ញានេះបានចេញសេចក្តីណែនាំអំពីបញ្ហាអាកាសធាតុ និងបានបង្កើនកម្រិតប្រកាសអាសន្នទៀតផងចំពោះព្យុះទីហ្វុង Hinnamnor​ ដែលអាចបង្កការគំរាមគំហែងខ្លាំងនៅតាមតំបន់មួយចំនួននាពេលដ៏ខ្លីខាងមុខនេះ។ ព្យុះទីហ្វុង Hinnamnor បានធ្វើដំណើរចេញពីតំបន់ភាគខាងជើងប្រទេសក្នុងល្បឿន ១៩គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈព្យុះនេះនឹងបន្តដំណើរឆ្ពោះទៅកាន់តំបន់ភាគត្បូង ដែលមានចម្ងាយប្រមាណជា ៩០គឺឡូម៉ែត្រពីកំពង់ផែក្រុង Busan នៅព្រឹកស្អែកនេះ។ តាមការព្យាករណ៍ព្យុះទីហ្វុង Hinnamnor នឹងបង្កឲ្យមានខ្យល់បោកបក់យ៉ាងខ្លាំង និងបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងច្រើនផងដែរ។

បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយកូរ៉េខាងត្បូងបានបញ្ជាក់ថា ព្យុះទីហ្វុង Hinnamnor អាចបង្កការគំរាមគំហែងក្នុងទីក្រុង និងតំបន់ជាច្រើនដូចជា Gwangju, Busan, Daegu, Ulsan និងនៅតំបន់កោះ Jeju ហើយអាជ្ញាធរបានសម្រេចទាញសញ្ញាអាសន្នក្នុងកម្រិតដ៏ខ្ពស់មួយដែលមិនធ្លាប់មាននោះទេក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។

នៅចំពោះមុនបញ្ហាអាកាសធាតុនេះក្រុមហ៊ុនសាងសង់កប៉ាល់ចំនួន ៣ រួមមានក្រុមហ៊ុន Korea Shipbuilding and Offshore Engineering ក្រុមហ៊ុន Daewoo Shipbuilding and Marine Engineering និងក្រុមហ៊ុន Samsung Heavy Industries បានសម្រេចផ្អាកសកម្មភាពអាជីវកម្មរបស់ពួកគេជាបណ្តោះអាសន្នចាប់ថ្ងៃស្អែកនេះតទៅរហូតដល់អាកាសធាតុអាចត្រលប់មកដូចដើមវិញ។ ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ Korean Air Lines និង ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines ក៏បានសម្រេចផ្អាកជើងហោះហើយមួយចំនួនផងដែរចាប់ពីម៉ោង ១ យប់ថ្ងៃចន្ទនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia

 

Share This Post: