អាជ្ញាធរក្រុងបាងកកព្រមានពីគ្រោះថ្នាក់នៃទឹកជំនន់ ខណៈទឹកទន្លេចៅប្រាយ៉ាអាចនឹងកើនឡើងប្រហែលកន្លះម៉ែត្រ
- BY
- Pheakdey
- September 5, 2022
ថៃ៖ អាជ្ញាធរក្រុងបាងកកបានចេញសេចក្តីព្រមានអំពីបញ្ហាទឹកជំនន់ចំពោះសហគមន៍មួយចំនួននៅតាមដងទន្លេចៅប្រាយ៉ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand។ បើតាមរដ្ឋបាលក្រុងបាងកកបានបញ្ជាក់ថា ទឹកភ្លៀងបានផ្តើមធ្លាក់យ៉ាងច្រើនតាំងពីថ្ងៃសោរ៍ចុងសប្តាហ៍មុននិងអាចបន្តធ្លាក់ច្រើនរហូតដល់ថ្ងៃព្រហស្បតិ៍ក្នុងសប្តាហ៍នេះ ខណៈឥទ្ធិពលនៃទឹកភ្លៀងនឹងបង្ករឲ្យមានទឹកហូរកាត់ទំនប់ទន្លេចៅប្រាយ៉ាកើនឡើងក្នុងបរិមាណចន្លោះពី ១,៨០០ ទៅ ២,០០០ ម៉ែត្រគុបក្នុងមួយវីនាទីផងដែរ។

បើតាមមជ្ឈមណ្ឌលសម្រាប់ការព្យាករណ៍កម្ពស់ទឹកបានបញ្ជាក់ថា ទឹកទន្លេចៅប្រាយ៉ាអាចនឹងកើនឡើងក្នុងចន្លោះកម្ពស់ពី ០,៤-០,៥ ម៉ែត្រនិងអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងចំពោះសហគមន៍នៅជាប់ទំនប់ ខណៈស្ថានភាពគ្រោះថ្នាក់នេះអាចបន្តអូសបន្លាយរហូតដល់ថ្ងៃទី ១០ ខែកញ្ញានេះ។ បើតាមរដ្ឋបាលក្រុងបាកកកបានបញ្ជាក់ថា គិតត្រឹមពេលនេះទឹកជំនន់នៅមិនទាន់គំរាមគំហែងអាយុជីវិតពលរដ្ឋណាម្នាក់នៅឡើយទេ តែទោះជាយ៉ាងណាក្តីអាជ្ញាធរក្រុងបានត្រៀមខ្លួនរួចរាល់ហើយក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយបានកើតឡើង៕
អត្ថបទ៖ ភក្តី
ប្រភព៖ Nation Thailand
- Share This Post:






