អន្តរជាតិ

តុលាការជប៉ុនបានច្រានចោលបណ្ដឹង ហាមឃាត់ការប្រើប្រាស់ថវិកាជាតិ សម្រាប់ពិធីបុណ្យមរណទុក្ខថ្នាក់រដ្ឋជូនអតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ

BY
autoadmin
September 5, 2022

តុលាការស្រុកក្នុងខេត្តសៃតាម៉ា ភាគខាងជើងនៃទីក្រុងតូក្យូ បានច្រានចោលនូវសំណើរបស់ក្រុមពលរដ្ឋ សម្រាប់ការបង្គាប់ឱ្យមានការហាមឃាត់ការប្រើប្រាស់ថវិកាជាតិ សម្រាប់ពិធីបុណ្យសពថ្នាក់រដ្ឋជូនអតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ។ គួរឱ្យដឹងដែរថា រដ្ឋាភិបាល​ជប៉ុន​គ្រោង​នឹង​រៀបចំ​ពិធី​បុណ្យ​សព​រដ្ឋ​របស់​លោក អាបេ នៅ​ទីក្រុង​តូក្យូ​នៅ​ថ្ងៃ​ទី២៧ ខែ​កញ្ញានេះ។ ក្រុម​ពលរដ្ឋ​អះអាង​ក្នុង​បណ្តឹង​នេះ​ថា គ្មាន​ហេតុផល​ផ្លូវច្បាប់ត្រូវធ្វើពិធីបុណ្យសពនេះ​ទេ ហើយ​ការ​ប្រារព្ធ​​នឹង​បំពាន​លើ​សេរីភាព​នៃ​ការគិត និង​សម្បជញ្ញៈ ​ដែល​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។

ក្រុមនេះកំពុងស្វែងរកការលុបចោលសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី ក្នុងការរៀបចំពិធីបុណ្យសពថ្នាក់រដ្ឋ និងការបញ្ឈប់ការចំណាយថវិកាសម្រាប់ពិធីនេះ។ នៅក្នុងសេចក្តីសម្រេចកាលពីថ្ងៃច័ន្ទ ប្រធានចៅក្រមបាននិយាយថា សំណើរបស់ក្រុមនេះខ្វះតម្រូវការបន្ទាន់ ហើយមិនមានហេតុផលគ្រប់គ្រាន់។ តុលាការ​ក្រុង​តូក្យូ និង​តុលាការ​ជាន់ខ្ពស់​ក្រុង​តូក្យូ​ បាន​ច្រានចោល​ញត្តិ​ស្រដៀង​គ្នា​នេះផងដែរ ​ដែល​ដាក់​ដោយ​ក្រុម​ពលរដ្ឋ​ផ្សេង​ទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: