វៀតណាមគ្រោងរៀបចំឲ្យមានថ្ងៃឈប់សម្រាករហូតដល់ ៩ថ្ងៃសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនៅឆ្នាំក្រោយនេះ
- BY
- Pheakdey
- September 5, 2022
វៀតណាម៖ វៀតណាមគ្រោងនឹងរៀបចំឲ្យមានថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរហូតដល់ ៩ថ្ងៃសម្រាប់នៅក្នុងឆ្នាំ ២០២៣ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Vietnam News កាលពីចុងសប្តាហ៍កន្លងទៅនេះ។ គិតត្រឹមពេលនេះក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចដែលជាអ្នកផ្តួចផ្តើមលើកសំណើសុំរៀបចំថ្ងៃឈប់សម្រាកក្នុងរយៈពេលដ៏វែងនេះបានបញ្ជូនគម្រោងសំណើទៅកាន់រដ្ឋមន្ត្រីនិងនាយកដ្ឋានពាក់ព័ន្ធដើម្បីពិនិត្យនិងផ្តល់យោបល់រួចអស់ហើយ ខណៈសំណើនឹងត្រូវបញ្ជូនបន្តទៅកាន់នាយករដ្ឋមន្ត្រីដើម្បីធ្វើការអនុម័តជាផ្លូវការ។

តាមគម្រោងថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាមខាងមុខនេះនឹងមានជម្រើសចំនួន ២ ដោយជម្រើសទី ១គឺថ្ងៃឈប់សម្រាកសរុបនឹងមានរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទីសុក្រ ទី២០ ខែមករា រហូតដល់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ដោយក្នុងនោះថ្ងៃឈប់សម្រាកផ្លូវការមានចំនួន ៥ថ្ងៃ និងបូកបន្ថែមចំនួន ២ថ្ងៃទៀត ព្រោះថ្ងៃបុណ្យចំលើថ្ងៃចុងសប្តាហ៍ (ថ្ងៃសោរ៍ ទី២១ និងថ្ងៃអាទិត្យ ទី២២) ដែលជាថ្ងៃត្រូវឈប់សម្រាកស្រាប់ទៅហើយ។
សម្រាប់ជម្រើសទី ២វិញ គឺគេនឹងរៀបចំពិធីបុណ្យផ្លូវការរយៈពេល ៥ថ្ងៃដូចគ្នា តែគិតចាប់ពីថ្ងៃសៅរ៍ ទី២១ ខែមករាតទៅ ហើយបើគេបូកបន្ថែម ២ថ្ងៃទៀតសម្រាប់ថ្ងៃបុណ្យចំលើថ្ងៃចុងសប្តាហ៍នោះគឺថ្ងៃឈប់សម្រាកនឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃសុក្រ ទី២៧ ខែមករា ខណៈពលរដ្ឋនឹងអាចឈប់សម្រាកបន្តចំនួន ២ទៀត ដែលថ្ងៃចុងសប្តាហ៍ធម្មតា ដូចនេះវាមានន័យថា ជម្រើសទី ២នឹងអនុញ្ញាតឲ្យពលរដ្ឋវៀតណាមអាចឈប់សម្រាកបានក្នុងរយៈពេលរហូតដល់ ៩ថ្ងៃជាប់គ្នា។ សូមបញ្ជាក់ជូនថា សម្រាប់ថ្ងៃឆ្លងឆ្នាំជាក់ស្តែង ពោលគឺថ្ងៃប្តូរពីឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីគឺត្រូវចំលើថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៣ នេះបើយោងតាមការរាប់ថ្ងៃ ខែ ឆ្នាំ តាមប្រពៃណីនិងទំនៀមទំលាប់វៀតណាម៕

អត្ថបទ៖ ភក្តី
ប្រភព៖ Vietnam News
- Share This Post:






