ពិធីបុណ្យមរណទុក្ខថ្នាក់រដ្ឋរបស់លោក អាបេ ស៊ីនហ្សូ នឹងត្រូវចំណាយប្រមាណជា ១២ លានដុល្លារអាមេរិក
- BY
- autoadmin
- September 6, 2022
ប្រទេសជប៉ុននឹងត្រូវចំណាយប្រាក់ប្រហែល ១.៦៥ ពាន់លានយ៉េន (១២ លានដុល្លារអាមេរិក) សម្រាប់ពិធីបុណ្យសពថ្នាក់រដ្ឋ ដែលបានគ្រោងទុកសម្រាប់អតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ នេះបើយោងតាមការប៉ាន់ប្រមាណថ្មីរបស់រដ្ឋាភិបាល នៅថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០២២ ដែលទាំងនោះរួមមានថ្លៃសន្តិសុខ និងថ្លៃទទួលភ្ញៀវផងដែរ។ រដ្ឋាភិបាលកាលពីចុងខែសីហា បានអនុម័តថវិកាត្រឹមតែ ២៥០ លានយ៉េន សម្រាប់ពិធីបុណ្យសពរបស់លោកអាបេ ប៉ុន្តែបន្ទាប់មកបានប្រឈមមុខនឹងការរិះគន់ ចំពោះអ្វីដែលគេចាត់ទុកថាជាតួលេខមិនប្រាកដប្រជា ដែលមិនរាប់បញ្ចូលការចំណាយសម្រាប់សន្តិសុខ និងការទទួលភ្ញៀវវីអាយភី (VIPs)។

លេខាធិការខុទ្ទកាល័យប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានប្រកាសថា រដ្ឋាភិបាលឥឡូវនេះកំពុងប៉ាន់ស្មានតម្លៃសន្តិសុខ ដែលនឹងកើនឡើងដល់ប្រហែល ៨០០ លានយ៉េន ខណៈការធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលគណៈប្រតិភូបរទេសនឹងត្រូវចំណាយប្រហែល ៦០០ លានយ៉េន។ លោកបានឆ្លើយតបទៅនឹងមន្ទិលអំពីការចំណាយរបស់រដ្ឋ ដោយនិយាយថា ចំនួនសរុបនៃពិធីបុណ្យសពថ្នាក់រដ្ឋនេះ នឹងមានប្រហែល ១.៧ ពាន់លានយ៉េន។ ភ្ញៀវប្រហែល ៦,០០០ នាក់ រួមទាំងឥស្សរជនបរទេសត្រូវបានគេរំពឹងថា នឹងមកចូលរួមក្នុងពិធីនេះដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញានៅកីឡដ្ឋាន Nippon Budokan ទីក្រុងតូក្យូ។ រំលឹកដែរថា លោក អាបេ ត្រូវបានគេបាញ់សម្លាប់ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតសមាជិកសភា កាលពីខែកក្កដាកន្លងទៅ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






