ជប៉ុនបានសម្រេចកាត់បន្ថយរយៈពេលនៅដាច់ដោយឡែកមកនៅត្រឹម ៧ ទៅ ៥ថ្ងៃ សម្រាប់អ្នកជំងឺកូវីដ១៩
- BY
- autoadmin
- September 6, 2022
រដ្ឋាភិបាលជប៉ុនបានសម្រេចកាត់បន្ថយរយៈពេលនៅដាច់ដោយឡែក សម្រាប់អ្នកជំងឺ COVID-19 និងសម្រួលដល់ប្រព័ន្ធរាប់ករណីសាជាថ្មី ឱ្យកាន់តែមានភាពងាយស្រួលជាងមុន។ នាយករដ្ឋមន្ត្រីលោក Kishida Fumio បានផ្លាស់ប្តូរទស្សនៈគ្នាអំពីវិធានការណ៍ថ្មី ជាមួយរដ្មមន្ត្រីសុខាភិបាលលោក Kato Katsunobu និងរដ្ឋមន្ត្រីពាក់ព័ន្ធផ្សេងទៀត នៅថ្ងៃអង្គារនេះ ដោយបានសម្រេចចិត្តថា រយៈពេលនៅដាច់ដោយឡែកសម្រាប់អ្នកជំងឺ ដែលមានរោគសញ្ញានឹងត្រូវកាត់បន្ថយពី ១០ថ្ងៃ ទៅ ៧ថ្ងៃវិញ។ ចំណែករយៈពេលសម្រាប់អ្នកជំងឺគ្មានរោគសញ្ញា គឺត្រូវកាត់បន្ថយពី ៧ថ្ងៃ ទៅ ៥ថ្ងៃ ដរាបណាពួកគេធ្វើតេស្តអវិជ្ជមាន។

រដ្ឋាភិបាលក៏គ្រោងនឹងផ្លាស់ប្តូរទៅប្រព័ន្ធរាប់ករណីសរុបទូទាំងប្រទេសសាមញ្ញមួយ ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដោយនឹងកត់ត្រាព័ត៌មានលម្អិតអំពីអ្នកជំងឺ ដែលមានហានិភ័យនៃការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរប៉ុណ្ណោះ។ ការកែតម្រូវចុងក្រោយកំពុងដំណើរការ ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងលើចលនារបស់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅតាមផ្ទះ។ សម្រាប់អ្នកជំងឺដែលមានរោគសញ្ញានៃជំងឺ COVID-19 ស្រាលលើសពី ២៤ម៉ោង ឬអ្នកដែលមិនមានរោគសញ្ញា នឹងត្រូវបានអនុញ្ញាតឱ្យចេញក្រៅក្នុងហេតុផលចាំបាច់ ដូចជាទិញគ្រឿងទេសជាដើម។ ប៉ុន្តែពួកគេត្រូវតែពាក់ម៉ាស់ និងធ្វើការប្រុងប្រយ័ត្នផ្សេងទៀត ប្រឆាំងនឹងការចម្លងមេរោគ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលគ្រោងនឹងស្តាប់យោបល់ពីអ្នកជំនាញ មុននឹងអនុម័តជាផ្លូវការនូវវិធានការបែបនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






