អន្តរជាតិ

លោក វ្ល៉ាឌីមៀ ពូទីន នឹងជួបដោយផ្ទាល់ជាមួយលោក ស៊ី ជីនពីង នៅប្រទេសអ៊ូសបេគីស្ថាននៅសប្តាហ៍ក្រោយ

BY
autoadmin
September 8, 2022

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ពីផែនការរបស់គាត់ ក្នុងការជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅប្រទេសអ៊ូសបេគីស្ថាន នៅសប្តាហ៍ក្រោយ។ ការ​បញ្ជាក់​នេះ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​របស់​លោក ​កាល​ពី​ថ្ងៃ​ពុធ​ ជាមួយ​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ជាតិ​ចិនលោក Li Zhanshu។ លោក Li កំពុងចូលរួមក្នុងវេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុង Vladivostok ជាកន្លែងដែលលោក ពូទីន ធ្វើការថ្លែងសុន្ទរកថា។ ការិយាល័យប្រធានាធិបតីរុស្ស៊ីបាននិយាយថា លោក ពូទីន បានស្វាគមន៍មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់លំដាប់ទី០៣ របស់ទីក្រុងប៉េកាំងរូបនេះ ដោយបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Li «គូសបញ្ជាក់អំពីលក្ខណៈពិសេសនៃទំនាក់ទំនងរុស្ស៊ី-ចិន»។

លោកបាននិយាយថា លោកនឹងជួបពិភាក្សាជាមួយលោក ស៊ី ក្នុងអំឡុងកិច្ចប្រជុំរយៈពេល ២ថ្ងៃ នៃអង្គប្រជុំសហប្រតិបត្តិការសៀងហៃ នៅក្នុងប្រទេសអ៊ូសបេគីស្ថាន ដែលចាប់ផ្តើមនៅថ្ងៃទី១៥ ខែកញ្ញា។ លោក ពូទីន និងលោក ស៊ី ជីនពីង បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ប៉ុន្តែនេះជាលើកដំបូងដែលពួកគេនឹងជួបគ្នាដោយផ្ទាល់ ចាប់តាំងពីថ្ងៃទី០៤ ខែកុម្ភៈ។ លោក ពូទីន ក៏បានបង្ហាញពីផែនការដើម្បីជួបពិភាក្សា ៣ផ្លូវ ជាមួយប្រធានាធិបតីម៉ុងហ្គោលីលោក Ukhnaa Khurelsukh នៅក្នុងព្រឹត្តិការណ៍នៅអ៊ូសបេគីស្ថានផងដែរ។

គេសង្កេតឃើញថា រដ្ឋបាលលោក ​ពូទីន ​បាន​និង​កំពុង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ក្រុង​ប៉េកាំង ហើយយោធាចិនក៏បានចូលរួមក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់រុស្ស៊ី ដែលបានធ្វើឡើងនៅតំបន់ចុងបូព៌ារយៈពេលមួយសប្តាហ៍រហូតដល់ថ្ងៃពុធ ខណៈដែលរុស្ស៊ីបន្តរងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់អឺរ៉ុប និងសហរដ្ឋអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: