អន្តរជាតិ

លោក Jair Bolsonaro កំពុងស្វែងរកសំឡេងគាំទ្រឱ្យគាត់បានឈរឈ្មោះក្នុងអាណត្តិថ្មី នៅចំថ្ងៃទិវាឯករាជ្យជាតិរបស់ប្រេស៊ីល

BY
autoadmin
September 8, 2022

ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានដង្ហែក្បួនសម្រាប់ការឈរឈ្មោះបោះឆ្នោតសាជាថ្មីដ៏ធំមួយកាលពីថ្ងៃពុធ ខណៈដែលយោធាប្រេស៊ីលបានធ្វើព្យុហយាត្រាអបអរសាទរទិវាឯករាជ្យជាតិរបស់ខ្លួន។ គួរឱ្យដឹងដែរថា ប្រទេសប្រេស៊ីលនឹងជ្រើសរើសប្រធានាធិបតីបន្ទាប់របស់ខ្លួន នៅក្នុងការបោះឆ្នោតនៅថ្ងៃទី០២ ខែតុលា ហើយការជួបជុំរបស់លោក Bolsonaro នៅទីក្រុង Rio de Janeiro ត្រូវបានធ្វើឡើងនៅចំថ្ងៃខួបលើកទី២០០ នៃឯករាជ្យជាតិចេញពីអាណានិគមព័រទុយហ្គាល់។ នៅថ្ងៃទិវាឯករាជ្យជាតិនោះផងដែរ ក៏មានក្បួនដង្ហែរយោធា ការតាំងពិពណ៌អាកាស និងការលោតឆ័ត្រយោងជាដើម។

លោក Bolsonaro បានប្រាប់អ្នកគាំទ្ររបស់គាត់ថា ប្រេស៊ីលមានសក្តានុពលសេដ្ឋកិច្ចដ៏ធំ ហើយថា ការបោះឆ្នោតឡើងវិញរបស់គាត់ នឹងនាំឱ្យមាននយោបាយកាន់តែប្រសើរឡើងនៅក្នុងប្រទេស។ ការស្ទង់មតិចុងក្រោយបំផុតបង្ហាញថា មេដឹកនាំស្ដាំនិយមលោក Bolsonaro កំពុងនៅពីក្រោយអ្នកនយោបាយឆ្វេងនិយមលោក Luiz Inacio Lula da Silva ដែលធ្លាប់បានដឹកនាំប្រទែសចំនួន ២ អាណត្តិចន្លោះឆ្នាំ២០០៣ ដល់ឆ្នាំ២០១០ ជាង ១០ ពិន្ទុ។ នៅឯការជួបជុំនេះដែរ លោក Bolsonaro បាននិយាយម្តងហើយម្តងទៀត ទៅលើគូប្រជែងរបស់គាត់ ដែលកំពុងទទួលបានការគាំទ្រច្រើនជាងគាត់ថា លោក​មិន​មាន​អ្វី​ត្រូវ​ពិភាក្សា​ជាមួយ​អ្នក​គាំទ្រ​ឆ្វេង​និយមទេ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: