អតីតទីប្រឹក្សារបស់លោក Donald Trump ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំលុយ ដែលបានមកពីការបរិច្ចាគសម្រាប់គម្រោងសាសង់របងរវាងអាមេរិក និងម៉ិកស៊ិក
- BY
- autoadmin
- September 9, 2022
អតីតទីប្រឹក្សារបស់លោក Donald Trump គឺលោក Steve Bannon ត្រូវបានគេចោទប្រកាន់ ពីបទក្លែងបន្លំ កាលពីថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០២២ ជុំវិញការក្លែងបន្លំប្រាក់ដែលទទួលបានមកពីការបរិច្ចាគ សម្រាប់ការសាងសង់របងរវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក។ លោក Bannon អាយុ ៦៨ឆ្នាំ ជាអ្នកមនោគមវិជ្ជាស្តាំនិយម ដែលបានចូលរួមយ៉ាងសកម្មក្នុងការឡើងជាប្រធានាធិបតីរបស់លោក Trump រូបនេះ ក៏ទើបតែបានចូលខ្លួនទៅតុលាការនាពេលថ្មីៗនេះ នៅទីក្រុងញូវយ៉ក សម្រាប់ការចោទប្រកាន់មួយចំនួនផ្សេងទៀត។

លោក Steve Bannon និងអង្គការមួយ ដែលមានឈ្មោះថា We Build The Wall ត្រូវបានចោទប្រកាន់ពីបទលាងលុយកខ្វក់ ការសមគំនិត និងការក្លែងបន្លំ លើអ្វីដែលព្រះរាជអាជ្ញាបាននិយាយថា ជាគម្រោងរៃអង្គាសប្រាក់រយៈពេល ១ឆ្នាំ ដែលរកបានច្រើនជាង ១៥ លានដុល្លារ ពីម្ចាស់ជំនួយដោយផ្អែកលើការសន្យាមិនពិត។ លោក Alvin Bragg មេធាវីប្រចាំតំបន់ Manhattan បាននិយាយថា៖«វាគឺជាបទឧក្រិដ្ឋមួយក្នុងការបង្វែរប្រាក់ចំណេញ ដោយការកុហកម្ចាស់ជំនួយ ហើយនៅទីក្រុងញូវយ៉ក អ្នកនឹងទទួលខុសត្រូវ»។
រំលឹកដែរថា លោក Bannon កាលពីក្នុងឆ្នាំ២០២០ ក៏ត្រូវបានគេចោទប្រកាន់ជុំវិញបញ្ហាដូចគ្នានេះ ប៉ុន្តែគាត់ត្រូវបានលើកលែងទោសដោយលោក Trump មុនពេលគាត់ត្រូវបានបញ្ជូនទៅតុលាការទៅទៀត។ ចំណែកគម្រោងសង់របងតាមព្រំដែនអាមេរិក-ម៉ិកស៊ិក គឺជាការសន្យានៅក្នុងយុទ្ធនាការដ៏សំខាន់មួយ របស់លោក Trump ក្នុងការឈរឈ្មោះជាប្រធានាធិបតីក្នុងឆ្នាំ២០១៦៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






