នាយកដ្ឋានសុខភាពសាធារណៈ Los Angeles បញ្ជាក់ពីករណីមរណភាពដំបូង ដោយសារជំងឺអុតស្វា Monkeypox
នាយកដ្ឋានសុខភាពសាធារណៈរបស់ទីក្រុង Los Angeles កាលពីថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ បានប្រកាសថា ខ្លួនបានបញ្ជាក់ពីការស្លាប់ដំបូង ដោយសារជំងឺអុតស្វា monkeypox ដោយនិយាយថា បុគ្គលនោះមានស្ថានភាពជំងឺធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ នាយកដ្ឋានបានអះអាងពីការស្លាប់នេះនៅក្នុង Los Angeles ខោនធី ខណៈមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ ដែលមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

មន្ត្រីសុខាភិបាលបាននិយាយថា ជំងឺអុតស្វាកម្រនឹងស្លាប់ណាស់ ប៉ុន្តែអ្នកដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ អាចងាយនឹងឈឺធ្ងន់ ឬឈានដល់ស្លាប់។ នរណាក៏ដោយក៏អាចឆ្លងជំងឺអុតស្វា ដែលវាឆ្លងតាមរយៈការទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លង។ យោងតាម CDC បានឱ្យដឹងថា ស្ទើរតែទាំងអស់នៃករណីជំងឺអុតស្វាច្រើនជាង ២១,៩៨៥ ករណី នៅសហរដ្ឋអាមេរិក បានកើតឡើងក្នុងចំណោមមនុស្សស្រឡាញ់ភេទដូចគ្នា និងបុរសដែលរួមភេទជាមួយបុរស៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia