ទោះមានលុយវាល់លានចាយមិនអស់ ក៏មហាសេដ្ឋីវ័យ១០០ឆ្នាំរូបនេះ នៅតែមកធ្វើការរៀងរាល់ថ្ងៃ មិនចូលនិវត្តន៍ឡើយ ដោយសារតែកត្តាចំបងមួយនេះ
ជាទូទៅមនុស្សធម្មតាតែងតែចូលនិវត្តន៍ពីការងារនៅអាយុ ៦០ ឆ្នាំ ហើយសម្រាប់អ្នក ដែលមានប្រាក់ច្រើនវិញ អាចនឹងសម្រេចចិត្តចូលនិវត្តន៍មុនអាយុ ដែលបានកំណត់ដោយច្បាប់នេះទៅទៀត។ ផ្ទុយពីនិន្នាការទូទៅនេះ លោកមហាសេដ្ឋីម្នាក់នៅតែទៅធ្វើការងាររាល់ថ្ងៃ បើទោះជាគាត់មានអាយុ ១០០ ឆ្នាំហើយក៏ដោយ បើគិតត្រឹមឆ្នាំ ២០១៨ នេះ។ មហាសេដ្ឋីរូបនេះមានឈ្មោះថា Chang Yun Chung មានដើមកំណើតជាជនជាតិចិន និងជាម្ចាស់ក្រុមហ៊ុន Pacific International Lines (PIL) ដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី។
ក្រុមហ៊ុនរបស់លោកត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៧ ជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មដឹកជញ្ជូនតាមរយៈកប៉ាល់ដ៏ធំនៅតំបន់អាស៊ី និងជាក្រុមហ៊ុនដឹកជញ្ជូនធំបំផុតលំដាប់ទី ២០ នៅលើពិភពលោកផងដែរ។ បច្ចុប្បន្ននេះក្រុមហ៊ុនរបស់លោកមានបុគ្គលិកសរុបប្រមាណជា ១៨,០០០ នៅតាមគ្រប់សាខា និងការិយាល័យ។ លោក Chang Yun Chung មានប្រពន្ធ និងមានកូនប្រុសស្នងដំណែងការងារគាត់ផងដែរ។ នៅពេលដែលសួរថា តើហេតុអ្វីបានជាគាត់មិនព្រមចូលនិវត្តន៍ពីការងារ និងសម្រាកនៅផ្ទះដូចមនុស្សចាស់ទូទៅ ព្រោះគាត់មានលុយចាយលែងអស់ទៅហើយ និងមានអាយុច្រើនទៀត?
គាត់បានឆ្លើយតបយ៉ាងខ្លីវិញថា គាត់មកធ្វើការងារដើម្បីបំបាត់ភាពអផ្សុក បើគាត់សម្រាក់នៅផ្ទះគាត់ពិតជាអផ្សុកណាស់។ សូមបញ្ជាក់ថាបច្ចុប្បន្ននេះលោក ជាមហាសេដ្ឋីដែលមានអាយុច្រើនជាងគេបំផុតនៅលើពិភពលោក៕

អត្ថបទ៖ ភក្តី
ប្រភព៖ cnbc