កសិករដាំម្នាស់នៅបង់ក្លាដែស នាំគ្នាដឹកម្ចាស់ខ្ទង់ ១០០ផ្លែ ទម្ងន់រហូតដល់ ៣០០គីឡូក្រាម ហើយដើរ១០គីឡូដី ដើម្បីយកទៅលក់នៅទីផ្សារ ដែលកំពុងឡើងថ្លៃ
- BY
- autoadmin
- September 20, 2022
ថ្មីៗនេះមានរូបថតប៉ុន្មានសន្លឹកដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក កំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន នៅពេលដែលរូបភាពទាំងអស់នោះ បានបង្ហាញពីក្រុមកសិករដាំម្នាស់នៅតំបន់មួយ នៅប្រទេសបង់ក្លាដែស កំពុងនាំយកផ្លែម្នាស់របស់ពួកគេទៅកាន់ទីផ្សារ ជាមួយនឹងទឹកមុខយ៉ាងស្រស់បំព្រង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺពួកគាត់ប្រើប្រាស់ត្រឹមកង់ប៉ុណ្ណោះ ហើយត្រូវធ្វើដំណើរផ្លូវឆ្ងាយថែមទៀតផង ខណៈផ្លែម្នាស់ផ្ទាល់ ក៏មិនមែនជាផ្លែឈើដែលមានតម្លៃថ្លៃណាស់ណានោះដែរ។

នៅក្នុងការបង្ហោះដោយ People’s Daily នៅលើហ្វេសប៊ុកបានសរសេរថា៖«កសិករខ្លះត្រូវដើរ ១០គីឡូម៉ែត្រ បណ្ដើរកង់ពេញដោយផ្លែម្នាស់មកលក់នៅទីផ្សារ។ ក្នុងកង់មួយគ្រឿងដឹកម្នាស់ប្រហែល ១០០ ផ្លែ ហើយអាចមានទម្ងន់រហូតដល់ ៣០០ គីឡូក្រាម នៅពេលដែលពួកគេធ្វើដំណើរទៅកាន់ទីផ្សារនៅតំបន់ Madhupur ក្នុងទីក្រុង Tangail របស់ប្រទេសបង់ក្លាដែស»។ ជម្រាបផងដែរថា ការប្រមូលផលម្នាស់នៅឆ្នាំនេះមានភាពល្អប្រសើរ ហើយតម្លៃក្នុងម្នាស់មួយផ្លែៗ គឺមានតម្លៃពី ២០ ទៅ ២៥ តាកា ឬប្រមាណពី ២០ ទៅ ២៥ សេន ប៉ុណ្ណោះ ខណៈអាចហក់ឡើងដល់ ១០០ តាកា ឬជិត ១ ដុល្លារ នៅពេលបញ្ជូនទៅលក់នីរដ្ឋធានី Dhaka នេះបើតាមការចុះផ្សាយរបស់ Dhaka Tribune ៕




អត្ថបទ៖ លីដា
ប្រភព៖ ហ្វេសប៊ុក People’s Daily
- Share This Post:






