ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពិធីបុណ្យថ្នាក់រដ្ឋរបស់អតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ ចាប់ផ្ដើមនៅថ្ងៃនេះ

    BY autoadmin September 27, 2022
    ពិធីបុណ្យថ្នាក់រដ្ឋរបស់អតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ ចាប់ផ្ដើមនៅថ្ងៃនេះ

    មនុស្សច្រើនជាង ៤,០០០ នាក់ បានប្រមូលផ្តុំគ្នានៅឯកីឡដ្ឋាន Nippon Budokan របស់ទីក្រុងតូក្យូ ដើម្បីប្រារព្ធពិធីបុណ្យសពថ្នាក់រដ្ឋជូនទៅដល់លោក អាបេ ស៊ីនហ្សូ ដែលជាអតីតនាយករដ្ឋមន្ត្រីជប៉ុនដែលកាន់តំណែងយូរជាងគេបំផុត។ នាយករដ្ឋមន្ត្រីលោក ហ្វ៊ុមិអុ គីស៊ីដា (Kishida Fumio) រួមជាមួយនឹងប្រធានសភាជាន់ខ្ពស់ និងថ្នាក់ក្រោម ព្រមទាំងប្រធានតុលាការកំពូល ក៏កំពុងមានវត្តមាននៅក្នុងពិធីនោះ ហើយអតីតនាយករដ្ឋមន្ត្រីលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្កា (Suga Yoshihide) នឹងត្រូវថ្លែងសុន្ទរកថា ក្នុងនាមមិត្តភក្តិរបស់លោក អាបេ។

    គួរឱ្យដឹងដែរថា ពិធីបុណ្យរបស់លោក អាបេ គឺជាពិធីបុណ្យថ្នាក់រដ្ឋលើកទី២ ប៉ុណ្ណោះ ចាប់តាំងពីជំនាន់សង្គ្រាមលោកលើកទី២ ខណៈដែលពិធីបុណ្យសពថ្នាក់រដ្ឋលើកដំបូងបង្អស់ គឺធ្វើឡើងតាំងតែពី ៥៥ឆ្នាំមុន សម្រាប់អតីតនាយករដ្ឋមន្ត្រីលោក Yoshida Shigeru។ ជាមួយគ្នានេះ ពិធីបុណ្យសពថ្នាក់រដ្ឋរបស់លោក អាបេ ក៏បានធ្វើឱ្យមានភាពចម្រូងចម្រាសផងដែរ ដោយសារអ្នកតវ៉ាជាច្រើនមិនបានពេញចិត្តនឹងពិធីបុណ្យនេះទេ។ អ្នកប្រឆាំងយល់ថា វាជាការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ និងជាបន្ទុករបស់ប្រជាពលរដ្ឋ ដែលជាអ្នកបង់ពន្ធទៅឱ្យរដ្ឋ។

    ការស្ទង់មតិរបស់ NHK នៅខែនេះបានរកឃើញថា អ្នកឆ្លើយសំណួរជាងពាក់កណ្តាលមិនយល់ព្រមចំពោះពិធីបុណ្យសពថ្នាក់រដ្ឋនេះទេ ខណៈអ្នកប្រឆាំងបាននិយាយថា រដ្ឋាភិបាលមិនបានពន្យល់ហេតុផលនៃភាពចាំបាច់របស់វា។ យ៉ាងណាក៏ដោយ សម្រាប់មហាជនដែលគោរពស្រឡាញ់លោក អាបេ ពួកគេបានម​ក​ដាក់​កម្រង​ផ្កា​នៅ​ខាងក្រៅ​កន្លែង​គោរព​វិញ្ញាណក្ខន្ធ​របស់គាត់ ហើយចំណែកឯ​ការិយាល័យ​រដ្ឋាភិបាល​ទូទាំង​ប្រទេស​ជប៉ុន ក៏ត្រូវ​បង្ហូតទង់ជាតិតែពាក់កណ្តាល​ប៉ុណ្ណោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: