អន្តរជាតិ

ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ Mohammed bin Salman Al Saud ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់​អារ៉ាប៊ីសាអូឌីត

BY
autoadmin
September 28, 2022

ព្រះអង្គ​ម្ចាស់​ Mohammed bin Salman Al Saud ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់​អារ៉ាប៊ីសាអូឌីត។ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានប្រកាសទៅទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ខ្លួនកាលពីថ្ងៃអង្គារថា ស្តេច Salman bin Abdulaziz បានបញ្ជាឱ្យរុះរើគណៈរដ្ឋមន្ត្រី និងតែងតាំងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះអង្គម្ចាស់ Mohammed ដើម្បីជំនួសតំណែងរបស់ទ្រង់ជានាយករដ្ឋមន្ត្រីថ្មី។ ក្រឹត្យ​នេះ​គឺជាការ​ផ្លាស់​ប្តូរ​អំណាច​ជា​បន្តបន្ទាប់ ​ពី​ព្រះមហាក្សត្រ​ដែល​មាន​ព្រះជន្ម ៨៦ ព្រះវស្សា ទៅ​ឱ្យ​ព្រះអង្គម្ចាស់​សំណព្វ ដែលកំពុងមាន​ព្រះជន្ម ៣៧ វស្សា។

ពោលគឺព្រះមហាក្សត្រ Salman bin Abdulaziz បាននិងកំពុងផ្តល់អំណាចបន្ថែមបន្ដិចម្ដងៗទៅឱ្យព្រះអង្គ​ម្ចាស់ Mohammed​ ខណៈដែលកន្លងមកព្រះអង្គ​ម្ចាស់​ក៏បានតំណាងឱ្យព្រះបិតា នៅក្នុង​រឿង​នយោបាយ និង​ការទូតផ្សេងៗ។

ចំណែកព្រះអង្គម្ចាស់ Abdulaziz bin Salman bin Abdulaziz Al Saud ដែលជាម្ចាស់បងរបស់ព្រះអង្គម្ចាស់ Mohammed នឹងបន្តធ្វើជារដ្ឋមន្ត្រីថាមពល ដោយទ្រង់នៅតែគ្រប់គ្រងប្រភពចំណូលដ៏សំខាន់ សម្រាប់ក្រុមហ៊ុនផលិតប្រេងឈានមុខគេរបស់ពិភពលោក។ ព្រះអនុជរបស់ទ្រង់ គឺព្រះអង្គម្ចាស់ Khalid bin Salman bin Abdulaziz Al Saud នឹងត្រូវដំឡើងឋានៈពីអនុរដ្ឋមន្ត្រីការពារជាតិទៅជារដ្ឋមន្ត្រីការពារជាតិ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: