អន្តរជាតិ

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ពីរ​គ្រាប់​ចូល​សមុទ្រ​គំរាម​មុន​ពេលអនុប្រធានាធិបតី​អាមេរិក​ទៅ​ទស្សនកិច្ច​នៅ​សេ​អ៊ូ​ល​

BY
autoadmin
September 29, 2022

យោងតាមរយៈសារព័ត៌មាន Channel News Asia បានរាយការណ៍អំពី យោធាកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធ ទី២៨ ឆ្នាំ២០២២ ថា៖ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចូលទៅក្នុងសមុទ្រនៅភាគខាងកើតនៃប្រទេស មួយថ្ងៃមុនអនុប្រធានាធិបតីអាមេរិក Kamala Harris នឹងមកដល់ទីក្រុងសេអ៊ូល។

ដោយការ​បាញ់​គ្រាប់​រ៉ុក្កែត​របស់​កូរ៉េ​ខាង​ជើង​បាន​កើត​ឡើង​តែ​២ថ្ងៃ ​បន្ទាប់​ពី​កូរ៉េ​ខាង​ត្បូង ​និង​សហរដ្ឋ​អាមេរិក ធ្វើការសមយុទ្ធយោធារួមគ្នានៅដែនទឹកភាគខាងកើតនៃប្រទេស ដែលត្រូវបានប្រើដោយនាវាផ្ទុកយន្តហោះ។ កាលពីថ្ងៃអាទិត្យ កន្លងមកកូរ៉េ​ខាងជើង​ក៏​បាន​បាញ់​មី​ស៊ី​ល​ចូល​សមុទ្រ​ជា​ការ​ឆ្លើយ​តប​នឹង​សមយុទ្ធ​ដែរ ។ នេះ​បើ​តាម​អគ្គសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូងបានអោយដឹងថា៖ មីស៊ីល​ដែល​កូរ៉េ​ខាង​ជើង​បាន​បាញ់​កាល​ពី​ថ្ងៃ​ពុធ បាញ់​ពី​ស្រុក​ស៊ុនអាន នៅទីក្រុងព្យុងយ៉ាង ចន្លោះម៉ោង ១៨:១០នាទី ដល់ ១៨:២០នាទី ម៉ោងក្នុងស្រុក ធ្វើឱ្យកងទ័ពកូរ៉េខាងត្បូង បង្កើនការឃ្លាំមើល និងការរៀបចំផ្លូវអាកាស និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។

នេះ​បើ​តាម​ឆ្មាំ​សមុទ្រ​ជប៉ុនបានអោយដឹងថា៖ ការសាកល្បងកាំជ្រួចគួរឱ្យសង្ស័យមួយត្រូវបានរកឃើញ ដែលរដ្ឋមន្ត្រីការពារជាតិ Toshiro Ino បានថ្កោលទោសថា មិនអាចទទួលយកបាននូវសកម្មភាពជាច្រើនរបស់កូរ៉េខាងជើង រួមទាំងការបាញ់កាំជ្រួចម្តងហើយម្តងទៀត វាគឺជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខរបស់ប្រទេសជប៉ុន តំបន់ និងប្រទេសជាតិ។

គួរបញ្ជាក់អោយដឹងផងដែរថា៖ លោកស្រី Harris គ្រោងនឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង បន្ទាប់ពីប្រទេសជប៉ុន។ ដោយលោកស្រីនឹងទៅទស្សនាតំបន់សេរី DMC ដែលជាតំបន់បំបែករវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ៕

អត្ថបទ៖ Bee
ប្រភព៖channelnewsasia

Share This Post: