ប្រទេសស្កុតឡែនបានបញ្ចេញលិខិតមរណភាព បញ្ជាក់ពីមូលហេតុនៃការសោយព្រះពិរាល័យរបស់ម្ចាស់ក្សត្រី Elizabeth II
អាជ្ញាធរនៃប្រទេសស្កុតឡែនបានបញ្ជាក់ថា ម្ចាស់ក្សត្រី Elizabeth II ទ្រង់សោយព្រះពិរាល័យដោយសារ «ជរាភាព» នេះបើតាមការចុះផ្សាយរបស់កាសែត វ៉ាស៊ីនតោនប៉ុស្ដិ៍ ។ កំណត់ត្រាជាតិនៃប្រទេសស្កុតឡេន បានបោះពុម្ពលិខិតមរណភាពរបស់ទ្រង់កាលពីថ្ងៃព្រហស្បតិ៍ ដោយបង្ហាញពីមូលហេតុនៃការសោយព្រះពិរាល័យរបស់ទ្រង់ជាលើកដំបូងបំផុត។ ឯកសារនោះបានបញ្ជាក់ថា ទ្រង់បានសោយព្រះពិរាល័យនៅវេលាម៉ោង ៣ និង ១០ នាទីរសៀល កាលពីថ្ងៃទី០៨ ខែកញ្ញា ក្នុងព្រះជន្មាយុ ៩៦ព្រះវស្សា នៅឯប្រាសាទ Balmoral។

នៅមុនថ្ងៃសោយព្រះពិរាល័យរបស់ទ្រង់រយៈពេល ២ថ្ងៃ ព្រះម្ចាស់ក្សត្រី Elizabeth ក៏បានយាងចេញមកតែងតាំងអ្នកស្រី Liz Truss ជានាយករដ្ឋមន្ត្រីថ្មីដោយផ្ទាល់ ទៅតាមទំនៀមទំលាប់របស់ចក្រភពអង់គ្លេសផងដែរ។ ចំណែកមឈូសរបស់ទ្រង់ត្រូវបានគេតម្កល់ទុកនៅក្នុងវិហារ St. George’s Chapel of Windsor Castle នៅជិតទីក្រុងឡុងដ៍ ដែលបានបើកជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍ជាលើកដំបូង ចាប់តាំងពីការសោយព្រះពិរាល័យរបស់ទ្រង់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រជារាស្ត្ររបស់ទ្រង់បានតម្រង់ជួរយ៉ាងវែងនៅមុខវិមាន Windsor តាំងពីព្រឹកថ្ងៃព្រហស្បតិ៍៕


អត្ថបទ៖ លីដា
ប្រភព៖ វ៉ាស៊ីនតោនប៉ុស្ដិ៍