អន្តរជាតិ

សហរដ្ឋអាមេរិកប្រកាសក្ដែងៗថា នឹងមិនទទួលស្គាល់ទឹកដីរបស់អ៊ុយក្រែនចំនួន៤ ដែលរុស្ស៊ីកំពុងដាក់បញ្ចូលជារបស់ខ្លួននោះទេ

BY
autoadmin
September 30, 2022

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានរិះគន់ប្រទេសរុស្ស៊ីចំពោះការឈានទៅមុខជាមួយនឹងផែនការ ក្នុងការបញ្ចូលតំបន់ភាគខាងកើតរបស់អ៊ុយក្រែនចំនួន ៤ ទៅជារបស់ខ្លួន។ លោក បៃដិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងមិនព្រមទទួលស្គាល់ «ការទាមទាររបស់រុស្ស៊ីលើទឹកដីអធិបតេយ្យភាពអ៊ុយក្រែនឡើយ»។ លោក ចូ បៃដិន បាននិយាយបែបនេះ នៅមុនសុន្ទរកថារបស់លោក វ្ល៉ាឌីមៀ ពូទីន ដែលត្រូវបានគេរំពឹងថា នឹងប្រកាសពីតំបន់អ៊ុយក្រែនចំនួន ៤ ដែលត្រូវចូលរួមជាមួយរុស្ស៊ី។

លោក​ បៃដិន បាន​មាន​ប្រសាសន៍​ថា ការបោះឆ្នោត​ប្រជាមតិ​នោះគឺ​ជា​ការ​ក្លែង​បន្លំ​យ៉ាងច្បាស់ក្រឡែត ហើយថា លទ្ធផល​ទាំងអស់ត្រូវ​បាន​បង្កើតឡើងដោយ​ទីក្រុង​ម៉ូស្គូ។ លោកប្រធានាធិបតីក៏បាននិយាយផងដែរថា «ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ដើរតាមចក្រពត្ដិនិយមរបស់ពូទីន គឺបានបង្ហាញយ៉ាងច្បាស់ – បង្ហាញពីការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ»។

រំលឹកផងដែរថា វិមានក្រឹមឡាំងបាននិយាយថា តំបន់ Luhansk, Donetsk, Zaporizhzhia និង Kherson បានបោះឆ្នោតឱ្យមានការចូលរួមជាមួយរុស្ស៊ី នៅក្នុងការបោះឆ្នោតប្រជាមតិនាពេលថ្មីៗនេះ។ ប៉ុន្តែ​អ៊ុយក្រែន និងប្រទេស​លោក​ខាង​លិច ​បាន​ច្រានចោល​ការ​បោះឆ្នោត​នេះ​ថា​ជា​ការ​ក្លែងបន្លំ។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​រុស្ស៊ី​លោក ពូទីន ក៏បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​ចំនួន​ ២ ​ដែល​ទទួល​ស្គាល់ Zaporizhzhia និង Kherson ជា​ទឹកដី​ឯករាជ្យ ដែល​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ពួកគេ​ត្រូវ​បាន​ដាក់​បញ្ចូលឱ្យរុស្ស៊ី៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: