អន្តរជាតិ

ការបំផ្ទុះគ្រាប់បែកមួយនៅ​ក្រុង​កាប៊ុល ​បានឆក់យកជីវិតក្មេង​ជំទង់​ដែល​កំពុង​អង្គុយ​ប្រឡងយ៉ាងហោចណាស់ ៣៥នាក់

BY
autoadmin
October 3, 2022

អង្គការសហប្រជាជាតិបាននិយាយថា ការវាយប្រហារអត្តឃាតមួយនៅឯមជ្ឈមណ្ឌលអប់រំ Kaaj ក្នុងតំបន់ Dasht-e-Barchi នៃរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥ នាក់ ដែលភាគច្រើនជាសិស្សស្រី ខណៈដែលមនុស្សជាង ៨០នាក់ ផ្សេងទៀត ក៏បានរងរបួសនៅក្នុងការវាយប្រហារកាលពីថ្ងៃសុក្រនោះផងដែរ។ ការវាយប្រហារបានកើតឡើងនៅចំពេលសិស្ស​កំពុង​ប្រឡង​ ហើយមិនទាន់មានក្រុមណាមួយអះអាងពីការវាយប្រហារនេះនៅឡើយទេ។ ពលរដ្ឋទាំងនោះភាគច្រើន​​ជា​ជនជាតិភាគតិចនៃតំបន់ Hazaras ដែល​ជា​ញឹកញាប់​ត្រូវបាន​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម (IS) កំណត់​គោលដៅ​។

ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា កាលពីថ្ងៃសៅរ៍កន្លងទៅ ស្ត្រីនៅតំបន់ Hazara រាប់សិបនាក់ បានធ្វើការប្រឆាំងនឹងបម្រាមលើការប្រមូលផ្តុំរបស់មន្ត្រីតាលីបង់ ដោយមានស្ត្រីប្រហែល ៥០ នាក់ ស្រែកឡើងឱ្យមានការបញ្ចប់ «ការប្រល័យពូជសាសន៍នៅ Hazara»។ បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃសុក្រ វីដេអូនៅលើទូរទស្សន៍ក្នុងស្រុក និងបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហាក់ដូចជាបង្ហាញពីទិដ្ឋភាពពីមន្ទីរពេទ្យក្បែរនោះ ដែលសាកសពជាច្រើនជួរត្រូវបានដាក់តម្រៀបនៅលើឥដ្ឋ។ ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត តាមសេចក្តីរាយការណ៍ ពីទីតាំងនៃមហាវិទ្យាល័យឯកជនមួយនោះ ក៏បានបង្ហាញនូវកម្ទេចថ្ម និងតុដែលទ្រុឌទ្រោមក្នុងថ្នាក់រៀនដែលរងការខូចខាត៕

អត្ថបទ៖ លីដា
ប្រភព៖​ BBC

Share This Post: