កូរ៉េខាងជើងបានបង្ហោះមីស៊ីលផ្លោងរំលងប្រទេសជប៉ុន ដែលធ្វើឱ្យវាក្លាយជាការបាញ់បង្ហោះលើកទី២៣ ក្នុងឆ្នាំនេះ
- BY
- autoadmin
- October 4, 2022
រដ្ឋាភិបាលជប៉ុនបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលហោះរំលងប្រទេសខ្លួន ហើយបន្ដធ្លាក់ចូលទៅក្នុងសមុទ្រ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ក្រុមមន្ត្រីជឿថា មីស៊ីលផ្លោងនោះបានហោះពីលើភាគឦសាន មុនពេលធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ ពួកគេនិយាយថា វាជាមីស៊ីលផ្លោងរយៈចម្ងាយមធ្យម IRBM និងបានហោះបានប្រហែល ២០ នាទីក្នុងចម្ងាយប្រហែល ៤,៦០០ គីឡូម៉ែត្រ ហើយធ្លាក់ចូលទៅក្នុងទឹកចម្ងាយជាង ៣,០០០ គីឡូម៉ែត្រ ពីភាគខាងកើតនៃខេត្ត Aomori ភាគខាងជើងប្រទេសជប៉ុន។

ក្រុមមន្ត្រីបាននិយាយថា មីស៊ីលត្រូវបានបាញ់ចេញពីទីតាំងមួយក្នុងប្រទេសកូរ៉េខាងជើង នៅម៉ោងប្រហែល ៧:២២ ព្រឹក ម៉ោងនៅប្រទេសជប៉ុន ហើយរដ្ឋាភិបាលជប៉ុន ក៏បានចេញការប្រកាសអាសន្នតាមរយៈប្រព័ន្ធប្រកាសអាសន្នទូទាំងប្រទេសផងដែរ។ ខ្លួនបានប្រាប់ប្រជាជននៅតំបន់នោះ ឱ្យជ្រកក្នុងអគាររឹងមាំ ឬនៅក្រោមដី។ នេះជាលើកទី៧ហើយ ដែលមីស៊ីលផ្លោងបានហោះរំលងប្រទេសជប៉ុន និងជាលើកទី១ ក្នុងរយៈពេល ៥ឆ្នាំ។ ក្រសួងការពារជាតិនិយាយថា វាជាលើកទី២៣ហើយ ដែលកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលក្នុងឆ្នាំនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






