ចំនួនអ្នកបាត់បង់ជីវិតដោយព្យុះសង្ឃរា Ian នៅក្នុងរដ្ឋផ្លរីដាបានកើនឡើងដល់ ១០១នាក់ គិតមកទល់ពេលនេះ
- BY
- autoadmin
- October 4, 2022
ចំនួនមនុស្សស្លាប់នៅរដ្ឋផ្លរីដាដោយព្យុះសង្ឃរា Ian បានកើនឡើងដល់យ៉ាងហោចណាស់ ១០១ នាក់ គិតត្រឹមថ្ងៃចន្ទ ប៉ុន្មានថ្ងៃបន្ទាប់ពីព្យុះកម្រិតទី៤ Ian បានបំផ្លាញទីក្រុងនៅតាមឆ្នេរសមុទ្រមួយនេះ និងទុកឱ្យក្រុមជួយសង្គ្រោះស្វែងរកអ្នករស់រានមានជីវិត ខណៈដែលសហគមន៍ក៏ប្រឈមមុខនឹងការកសាងឡើងវិញយ៉ាងលំបាក។ អធិការនគរបាលស្រុកលោក Carmine Marceno បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥៤ នាក់ បានស្លាប់ នៅក្នុងខោនធី Lee តែមួយ ដែលជាការកើនឡើងពីចំនួន ៤២ នាក់ ដែលត្រូវបានប្រកាសកាលពីលើកមុន ហើយមន្រ្តីនៅទីនោះកំពុងប្រឈមនឹងសំណួរថា តើការបញ្ជាជម្លៀសគួរតែត្រូវបានប្រកាសឱ្យលឿនជាងនេះ ឬទេ។

ការស្លាប់ ២៤នាក់ ក៏ត្រូវបានកត់ត្រានៅក្នុងខោនធី Charlotte ដែលជាការកើនឡើងពី ១២ នាក់ ក្នុងតួលេខចាស់។ ព្យុះសង្ឃរា Ian ក៏បានរួមចំណែកដល់ការស្លាប់របស់មនុស្សចំនួន ៨ នាក់ នៅក្នុងខោនធី Collier, ៥ នាក់ នៅក្នុងខោនធី Volusia, ៣នាក់ នៅខោនធី Sarasota, ២ នាក់ នៅក្នុងខោនធី Manatee និងម្នាក់នៅក្នុងស្រុក Lake, Hardee, Hendry, Hillsborough និង Polk ។ មនុស្ស ៤នាក់ ផ្សេងទៀត ក៏បានស្លាប់នៅក្នុងឧប្បត្តិហេតុដែលទាក់ទងនឹងព្យុះក្នុងរដ្ឋ North Carolina ផងដែរ។ ការិយាល័យរបស់អភិបាលរដ្ឋផ្លរីដាលោក Ron DeSantis បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សជាង ១,៦០០ នាក់ ត្រូវបានជួយសង្គ្រោះពីផ្លូវរបស់ព្យុះ Ian នៅក្នុងផ្នែកខ្លះនៃភាគនិរតី និងកណ្តាលរដ្ឋផ្លរីដា ចាប់តាំងពីសប្តាហ៍មុនមក។
យោងតាមគេហទំព័រ PowerOutage.us បានឱ្យដឹងថា ផ្ទះ អគារអាជីវកម្ម ឬអគារផ្សេងទៀតច្រើនជាង ៤៩១,០០០ ខ្នង នៅតែមិនមានថាមពល និងទឹកស្អាតប្រើប្រាស់គិតត្រឹមយប់ថ្ងៃចន្ទ។ លោក Roger Desjarlais អ្នកគ្រប់គ្រងតំបន់ Lee County បាននិយាយថា នៅក្នុងឆ្នេរ Fort Myers ថាមពលអាចនឹងមិនត្រូវបានស្តារឡើងវិញក្នុងរយៈពេល ៣០ ថ្ងៃ ដោយសារហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីត្រូវបានបំផ្លាញទាំងស្រុង៕


អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






