អ្នកនៅទីក្រុងបាងកកត្រូវបានណែនាំឱ្យធ្វើការពីផ្ទះ ឬចេញពីធ្វើការមុនម៉ោង ចាប់ពីថ្ងៃពុធនេះរហូតដល់ថ្ងៃសុក្រ ដោយសាររំពឹងនឹងមានទឹកជំនន់បន្ថែមទៀត
ពលរដ្ឋនៅទីក្រុងបាងកកត្រូវបានគេស្នើសុំឱ្យធ្វើការពីផ្ទះ ឬយ៉ាងហោចណាស់ចាកចេញពីការងារឱ្យបានមុនម៉ោង ចាប់ពីថ្ងៃពុធដល់ថ្ងៃសុក្រ ដើម្បីគេចពីទឹកជំនន់បន្ថែមទៀតនៅក្នុងទីក្រុង។ អភិបាលរងក្រុងបាងកក (BMA) លោកស្រី Tavida Kamolvej បាននិយាយកាលពីថ្ងៃអង្គារថា ទន្លេចៅព្រះយ៉ា អាចមានកម្ពស់ហក់ឡើងចាប់ពីថ្ងៃពុធនេះ ដោយសារតែការកើនឡើងនៃជំនោរ គួបផ្សំនឹងទឹកហូរតាមខ្សែទឹក និងភ្លៀងធ្លាក់ខ្លាំង ដែលរងឥទ្ធិពលដោយខ្យល់មូសុងនិរតី។ លោកស្រីបន្តថា BMA កំពុងព្យាយាមគ្រប់គ្រងបញ្ហានេះ ដើម្បីត្រៀមទឹកបន្ថែមទៀតនៅពីរបីថ្ងៃខាងមុខ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើទឹកជន់ច្រើនពេក ហើយមិនអាចរុញចូលទៅក្នុងឈូងសមុទ្រទាន់ពេលទេនោះ ទឹកទន្លេអាចហៀរ និងជន់លិចសហគមន៍តាមដងទន្លេ។

អ្នកស្រីបានបន្តថា៖ «ដូច្នេះយើងសូមស្នើដល់ភ្នាក់ងាររដ្ឋាភិបាល និងក្រុមហ៊ុនឯកជន អនុញ្ញាតឱ្យបុគ្គលិករបស់ពួកគេធ្វើការពីផ្ទះពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ឬយ៉ាងហោចណាស់ឱ្យពួកគេចាកចេញពីការងារមុនម៉ោង»។ វិធានការនេះត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយមនុស្សភាគច្រើនពីការជាប់គាំងដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់។ លោកស្រី Tavida បានបន្ថែមថា BMA បាននឹងកំពុងបញ្ជូនក្រុមទៅស្ទាបស្ទង់ទំនប់ទឹក និងកម្ពស់ទឹកជំនន់ជារៀងរាល់ថ្ងៃ ដើម្បីឱ្យសហគមន៍នៅតំបន់ដែលងាយរងគ្រោះ មានការជូនដំណឹងទាន់ពេលវេលា ប្រសិនបើទឹកឡើងដល់កម្រិតធ្ងន់ធ្ងរ។
នាយកដ្ឋានឧតុនិយមថៃ បានព្យាករណ៍ទុកមុនថា ជំនន់ខ្ពស់នឹងកើតឡើងនៅទន្លេចៅព្រះយ៉ា ចាប់ពីថ្ងៃនេះ ថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា សប្តាហ៍ក្រោយ។ វាបានព្រមានថា ការកើនឡើងអត្រាបញ្ចេញទឹកពីទំនប់ចៅព្រះយ៉ា និងភ្លៀងធ្លាក់ខ្លាំងដែលរងឥទ្ធិពលដោយខ្យល់មូសុងនិរតី នឹងធ្វើឱ្យទឹកទន្លេកើនឡើងពី ១.៧ ទៅ ២ ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រជាមធ្យម៕


អត្ថបទ៖ លីដា
ប្រភព៖ Nation Thailand