អន្តរជាតិ

វៀតណាមបានស្នើឱ្យក្រុមហ៊ុន Netflix បញ្ឈប់ការបញ្ចាំងរឿងភាគកូរ៉េខាងត្បូង «Little Women» នៅក្នុងប្រទេសខ្លួនជាបន្ទាន់ ដោយបានចោទថា បានធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាតិ

BY
autoadmin
October 6, 2022

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម កាលពីថ្ងៃពុធ ទី០៥ ខែតុលា បានរាយការណ៍ថា ប្រទេសខ្លួនបានស្នើឱ្យក្រុមហ៊ុន Netflix បញ្ឈប់ការបញ្ចាំងរឿងភាគកូរ៉េខាងត្បូង «Little Women» នៅក្នុងប្រទេសខ្លួនតទៅទៀត ដោយបានចោទថា រឿងភាគមួយនោះបានបំភ្លៃព្រឹត្តិការណ៍នៃសង្គ្រាមវៀតណាម។ នៅក្នុងភាគទី៨ នៃរឿងភាគដែលមានសរុប ១២ភាគ ដែលផ្អែកលើប្រលោមលោកមានចំណងជើងដូចគ្នា សរសេរដោយអ្នកនិពន្ធរឿងប្រលោមអាមេរិកលោកស្រី Louisa May Alcott វាបាននិយាយពីទាហានជើងចាស់មកពីកូរ៉េខាងត្បូងម្នាក់ បានអួតពីសមាមាត្រនៃការស្លាប់របស់ទាហាននៅក្នុងសង្គ្រាមជាមួយវៀតកុង ដោយគាត់បាននិយាយថា នៅក្នុងសមរភូមិដ៏ល្អបំផុតរបស់គាត់ ការស្លាប់ទាហានកូរ៉េខាងត្បូងម្នាក់ ស្មើនឹងការស្លាប់ទាហានវៀតកុង ២០នាក់។

បន្ទាប់មក ទាហានជើងចាស់នោះបាននិយាយថា សមាមាត្រគឺកាន់តែខ្ពស់នៅខាងកូរ៉េខាងត្បូងក្នុងចំណោមទាហានវរជនរបស់ប្រទេសនេះ។ ការពិតទៅគេ​មិន​ដឹង​ថា តើ​ទាហាន​វៀតណាម​ខាង​ជើង​ប៉ុន្មាន​នាក់​ ត្រូវ​បាន​ទាហាន​កូរ៉េ​ខាង​ត្បូង​សម្លាប់​ក្នុង​អំឡុង​ពេល​សង្គ្រាម​នោះ​ទេ។ ត្រឹមតែដឹងថា ជនជាតិកូរ៉េខាងត្បូងជាង ៣២០,០០០ នាក់ ត្រូវបានបញ្ជូនទៅប្រទេសវៀតណាម នៅចន្លោះឆ្នាំ១៩៦៤ និង ១៩៧៣ ដើម្បីជាកម្លាំងជំនួយជាមួយទាហានអាមេរិក។

នៅក្នុងសំបុត្រផ្ញើទៅ Netflix អាជ្ញាធរប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានអេឡិចត្រូនិករបស់វៀតណាម បាននិយាយថា រឿងភាគនេះបានបំពានច្បាប់របស់ប្រទេស ដែលប្រឆាំងនឹង «ការបំភ្លៃប្រវត្តិសាស្ត្រ បដិសេធសមិទ្ធិផលបដិវត្តន៍ ធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិ និងវីរបុរសរបស់ប្រទេស» នេះបើយោងតាមគេហទំព័រព័ត៌មាន Vietnamnet ។ លិខិតនោះបានបន្ថែមថា រឿងភាគនោះ «បានបង្ហាញពីការសន្ទនារវាងតួអង្គដែលសរសើរឧក្រិដ្ឋកម្មរបស់ទាហានស៊ីឈ្នួលកូរ៉េ» ក្នុងអំឡុងសង្គ្រាមទៀតផង។ ឥឡូវនេះ គេនៅមិនទាន់ដឹងថា Netflix បានដករឿងភាគនោះចេញពីវៀតណាមហើយ ឬនៅទេ។ ប៉ុន្តែគិតត្រឹមល្ងាចថ្ងៃពុធ រឿងភាគ Little Women នៅតែអាចមើលបាន៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: