WHO កំពុងបើកការស៊ើបអង្កេតលើទឹកស៊ីរ៉ូបំបាត់ក្អក និងផ្ដាសាយ ដែលផលិតនៅប្រទេសឥណ្ឌា បន្ទាប់ពីកុមារចំនួន ៦៦ នាក់បានបាត់បង់ជីវិត ក្នុងប្រទេសហ្គាំប៊ី
- BY
- autoadmin
- October 6, 2022
អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០២២ ជុំវិញករណីទឹកស៊ីរ៉ូសម្រាប់កុមារ ដែលមានអាការក្អក និងផ្ដាសាយចំនួន ៤ ប្រភេទ ដែលផលិតដោយក្រុមហ៊ុនឱសថ Maiden របស់ប្រទេសឥណ្ឌា ដោយបានព្រមានថា ទឹកស៊ីរ៉ូទាំងនោះមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់កុមារចំនួន ៦៦ នាក់ នៅក្នុងប្រទេសហ្គាំប៊ី។ ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិមួយនេះ បានព្រមានថា ទឹកស៊ីរ៉ូដែលមានមេរោគអាចត្រូវបានគេចែកចាយទៅប្រទេសហ្គាំប៊ី ហើយវាក៏មានលទ្ធភាពខ្ពស់ ដែលទឹកស៊ីរ៉ូទាំងនោះបែកធ្លាយទៅទូទាំងសកល នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ Channel News Asia ។

ប្រធានអង្គការ WHO លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកយកព័ត៌មានថា ទឹកស៊ីរ៉ូទាំងនោះត្រូវបានផ្សារភ្ជាប់ជាមួយនឹង «ករណីរបួសតម្រងនោមស្រួចស្រាវ និងការស្លាប់ចំនួន ៦៦ នាក់ ក្នុងចំណោមកុមារ ហើយវាគឺជារឿងដ៏សោកសៅបំផុតសម្រាប់គ្រួសាររបស់ពួកគេ»។ លោក Tedros បានបន្ថែមថា WHO ក៏កំពុងធ្វើការស៊ើបអង្កេតបន្ថែមជាមួយក្រុមហ៊ុន និងអាជ្ញាធរគ្រប់គ្រងនៅក្នុងប្រទេសឥណ្ឌា។ ផលិតផលមានបញ្ហាទាំង ៤ មានដូចជា៖ Promethazine Oral Solution, Kofexmalin Baby Cough Syrup, Makoff Baby Cough Syrup និង Magrip N Cold Syrup ។
អាជ្ញាធរហ្គាំប៊ីនាពេលថ្មីៗនេះ ក៏បានចាប់ផ្តើមប្រមូលថ្នាំប៉ារ៉ាសេតាមុល និងទឹកស៊ីរ៉ូប្រូមេតាហ្សីន ពីគ្រួសារជនបទនៅតំបន់ឆ្នេរខាងលិច និងតំបន់ទន្លេខាងលើរបស់ខ្លួន។ ការស៊ើបអង្កេតរបស់ក្រសួងសុខាភិបាលហ្គាំប៊ី ដែលបានចាប់ផ្តើមនៅក្នុងខែកក្កដា និងកំពុងបន្តដល់បច្ចុប្បន្ន ក៏បានលើកឡើងពីបាក់តេរី E. coli ដែលទំនងជាមូលហេតុនៅការផ្ទុះឡើង ការខ្សោយតម្រងនោមស្រួចស្រាវលើកុមារនេះ៕



អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






