មនុស្សនិងមន្ត្រីប៉ូលីសចំនួន ៦នាក់ នឹងត្រូវប្រឈមមុខពីបទឧក្រិដ្ឋកម្ម ជុំវិញករណីរត់ជាន់គ្នានៅកីឡដ្ឋានបាល់ទាត់មួយក្នុងប្រទេសឥណ្ឌូណេស៊ី
- BY
- autoadmin
- October 7, 2022
ប៉ូលិសឥណ្ឌូណេស៊ីបាននិយាយថា មនុស្សនិងមន្ត្រីប៉ូលីសចំនួន ៦នាក់ ត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម ទាក់ទងទៅនឹងការរត់ជាន់គ្នានៅកីឡដ្ឋានបាល់ទាត់មួយ ដែលបានសម្លាប់មនុស្សជាង ១០០ នាក់ នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ឧបទ្ទវហេតុបានកើតឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីការប្រកួតបាល់ទាត់មួយនៅទីក្រុង Malang ខេត្ត East Java ។ ប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បន្ទាប់ពីអ្នកគាំទ្រក្រុមចាញ់បានសម្រុកចូលទីលាន ដែលធ្វើឱ្យមានការរត់ជាន់គ្នាក្នុងចំណោមអ្នកទស្សនាភ័យស្លន់ស្លោ។ ប៉ូលិសនិយាយថា មនុស្សយ៉ាងហោចណាស់ ១៣១ នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់ ហើយរដ្ឋាភិបាលបាននិយាយថា ៣៥ នាក់ក្នុងចំណោមពួកគេ មានអាយុចន្លោះពី ៣ ទៅ ១៧ឆ្នាំ។

អគ្គស្នងការនគរបាលជាតិបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា មន្ត្រីប៉ូលិស ៣នាក់ នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម។ លោកថា នាយកប្រតិបត្តិលីកម្នាក់ (League executive) និងមន្ត្រី ២នាក់ ដែលទទួលបន្ទុកសន្តិសុខពីក្រុមម្ចាស់ផ្ទះក៏នឹងត្រូវចោទប្រកាន់ផងដែរ។ មន្ត្រីប៉ូលីសត្រូវបានគេជឿថា បានបញ្ជាឱ្យប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក បើទោះបីជាមានការហាមឃាត់ការប្រើប្រាស់របស់វានៅខាងក្នុងកីឡដ្ឋានក៏ដោយ ខណៈដែលនាយកប្រតិបត្តិរបស់លីកនេះ ត្រូវបានគេសង្ស័យថា បានធ្វេសប្រហែសការត្រួតពិនិត្យសុវត្ថិភាពកីឡាដ្ឋាន។ ចំណែកមន្ត្រីសន្តិសុខបានអនុញ្ញាតឱ្យមានអ្នកទស្សនាច្រើនលើសកម្រិត និងរារាំងដំណើរការជម្លៀសចេញ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលបានបង្កើតក្រុមការងារពិសេសមួយដើម្បីពិនិត្យរកមូលហេតុនៃឧបទ្ទវហេតុនេះ ហើយខ្លួនសង្ឃឹមថា នឹងបញ្ចប់ការស៊ើបអង្កេតក្នុងរយៈពេលមួយខែ៕


អត្ថបទ៖ លីដា
ប្រភព៖ វ៉ាស៊ីនតោនប៉ុស្ដិ៍
- Share This Post:






