ព្រះមហាក្សត្រថៃ នឹងយាងទៅសួរសុខទុក្ខជនរងគ្រោះនៅក្នុងការបាញ់ប្រហារកាលពីម្សិលមិញ
- BY
- autoadmin
- October 7, 2022
ព្រះមហាក្សត្រ និងព្រះមហាក្សត្រីរបស់ថៃ នឹងយាងទៅសួរសុខទុក្ខអ្នករងរបួសនៅក្នុងការបាញ់សម្លាប់យ៉ាងរង្គាលនៅខេត្ត Nong Bua Lamphu នៅថ្ងៃសុក្រនេះ។ ព្រះអង្គទាំងពីរត្រូវបានគេរំពឹងថា នឹងមកដល់អាកាសយានដ្ឋាន Udon Thani នៅពេលល្ងាច មុនពេលយាងទៅកាន់មន្ទីរពេទ្យ Nong Bua Lamphu និង Udon Thani។ ការវាយប្រហារដោយកាំភ្លើង និងកាំបិត ដោយអតីតប៉ូលីសម្នាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានចាប់ផ្តើមនៅឯកន្លែងមើលថែកុមារនៅក្នុងស្រុក Na Klang ហើយបានធ្វើឱ្យមនុស្ស ៣៨ នាក់បានស្លាប់ ដោយក្នុងនោះមាន ២៤ នាក់ជាកុមារ។ ជាមួយគ្នានេះមនុស្ស ១០នាក់ បានរងរបួសនៅក្នុងការវាយប្រហារនោះ ហើយក្នុងនោះមាន ៨នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ខ្មាន់កាំភ្លើងត្រូវបានគេកំណត់អត្តសញ្ញាណថា ជាអតីតមន្ត្រីប៉ូលីសឈ្មោះ Panya Khamrab ដែលក្រោយមកបានធ្វើអត្តឃាតខ្លួន បន្ទាប់ពីបានសម្លាប់ប្រពន្ធ កូនប្រុស និងសាច់ញាតិ ២ នាក់ផ្សេងទៀត។ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ប្រធានក្រុមប្រឹក្សាឯកជន និងជាអតីតនាយករដ្ឋមន្ត្រី ឧត្តមសេនីយ៍ Surayud Chulanont បានទៅដល់ទីក្រុង Nong Bua Lamphu ដើម្បីសួរសុខទុក្ខអ្នករបួស និងត្រួតពិនិត្យប្រតិបត្តិការដោយផ្ទាល់។ លោកបានមានប្រសាសន៍ថា ព្រះមហាក្សត្រនឹងផ្តល់ការឧបត្ថម្ភដល់ជនរងគ្រោះទាំងអស់ និងក្រុមគ្រួសាររបស់ពួកគេ។ នាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា ក៏បានបញ្ជាឱ្យភ្នាក់ងាររដ្ឋាភិបាល និងសហគ្រាសរដ្ឋ បង្ហូតទង់ជាតិពាក់កណ្ដាលនៅថ្ងៃសុក្រនេះ។
អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី លោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាយករដ្ឋមន្ត្រី ប្រាយុទ្ធ បានសម្តែងការសោកស្ដាយជាខ្លាំងចំពោះឧប្បត្តិហេតុនេះ ហើយបានស្នើឱ្យប្រជាជនថៃជួយគ្នាទៅវិញទៅមក នៅក្នុងកំឡុងពេលដ៏សោកស្ដាយមួយនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






