អន្តរជាតិ

លោក គីម ជុងអ៊ុន បានផ្ញើសំបុត្រអបអរសាទរថ្ងៃខួបកំណើតគម្រប់ ៧០ឆ្នាំ របស់លោក វ្ល៉ាឌីមៀ ពូទីន

BY
autoadmin
October 7, 2022

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបាននិយាយថា មេដឹកនាំប្រទេសរបស់ខ្លួនគឺលោក គីម ជុងអ៊ុន បានផ្ញើសារមួយដើម្បីអបអរសាទរប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងថ្ងៃខួបកំណើតគម្រប់ ៧០ឆ្នាំរបស់គាត់ នៅថ្ងៃសុក្រនេះផ្ទាល់តែម្ដង។ កាសែតរដ្ឋ Rodong Sinmun បានរាយការណ៍ថា សំបុត្រនោះបានសរសេរថា «ប្រទេសរុស្ស៊ីកំពុងការពារសេចក្តីថ្លៃថ្នូររបស់រដ្ឋ និងផលប្រយោជន៍ជាមូលដ្ឋានរបស់ខ្លួន ចេញពីបញ្ហាប្រឈម និងការគំរាមកំហែងដោយសហរដ្ឋអាមេរិក និងកងកម្លាំងគ្នីគ្នារបស់ពួកគេ»។ វាបានបន្ថែមថា «ការពិតបែបនេះគឺមិនអាចនឹកស្មានដល់ ប្រសិនគ្មានភាពជាអ្នកដឹកនាំ និងឆន្ទៈដ៏មុតមាំរបស់អ្នក»។

លោក គីម បាននិយាយថា កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងរុស្ស៊ីត្រូវបានពង្រឹងមិនធ្លាប់មានពីមុនមក នៅក្នុងការតស៊ូដើម្បីសម្រេចបាននូវយុត្តិធម៌អន្តរជាតិ។ លោកបានបន្ថែមថា លោកសង្ឃឹមថា ទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេនឹងដើរតួនាទីកាន់តែធំ ក្នុងការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ រុស្ស៊ី​និង​កូរ៉េ​ខាង​ជើង​ បាន​និង​កំពុង​បង្កើន​ទំនាក់​ទំនង​យ៉ាង​ឆាប់​រហ័ស ​ចាប់​តាំង​ពី​ការ​ឈ្លានពាន​អ៊ុយក្រែន​បាន​ចាប់​ផ្តើម​ក្នុង​ខែ​កុម្ភៈ។ នៅក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ រុស្ស៊ី និងចិន បានការពារការបាញ់មីស៊ីលរបស់កូរ៉េខាងជើង៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: