សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធដែនសមុទ្ររួមគ្នាដោយមានការចូលរួមពីនាវាផ្ទុកយន្តហោះ USS Ronald Reagan
- BY
- autoadmin
- October 7, 2022
មន្ត្រីយោធាកូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធដែនសមុទ្ររួមគ្នាជាមួយកងកម្លាំងអាមេរិកបានចាប់ផ្តើមនៅថ្ងៃសុក្រ ដោយនឹងមានការចូលរួមពីនាវាផ្ទុកយន្តហោះ USS Ronald Reagan។ យោធាបាននិយាយថា សមយុទ្ធដែនសមុទ្ររយៈពេល ២ថ្ងៃ គឺសំដៅពង្រឹងសមត្ថភាពប្រតិបត្តិការរបស់សម្ព័ន្ធមិត្ត ប្រឆាំងនឹងការបង្កហេតុរបស់កូរ៉េខាងជើង។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយថា សមយុទ្ធនេះរួមមានផែនការនាំនាវាផ្ទុកថាមពលនុយក្លេអ៊ែរមួយនេះ ទៅកាន់ដែនទឹកភាគអាគ្នេយ៍នៃកោះ Jeju ភាគខាងត្បូង។

នាវានេះត្រូវបានដាក់ពង្រាយឡើងវិញទៅកាន់សមុទ្រជប៉ុន បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលរំលងប្រទេសជប៉ុន កាលពីថ្ងៃអង្គារកន្លងទៅ។ សមយុទ្ធនេះធ្វើឡើងបន្ទាប់ពីសមយុទ្ធរួមមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនៅក្នុងសមុទ្រជប៉ុន បញ្ជាក់ពីការគំរាមកំហែងនៃការបាញ់បង្ហោះមីស៊ីលផ្លោងបន្ថែមទៀតដោយកូរ៉េខាងជើង។ យោធាបាននិយាយថា «យើងនឹងបន្តពង្រឹងសមត្ថភាពប្រតិបត្តិការ និងជំហររឹងមាំរបស់យើង ដើម្បីឆ្លើយតបទៅនឹងការបង្កហេតុណាមួយពីសំណាក់កូរ៉េខាងជើង»។
យោធាអាមេរិក និងកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃសុក្រថា ពួកគេបានបញ្ជូនឧបករណ៍ ដើម្បីបង្កើនសមត្ថភាពនៃប្រព័ន្ធការពារមីស៊ីល THAAD របស់អាមេរិកនៅឯមូលដ្ឋានមួយនៅលើកោះ Seongju ភាគខាងត្បូង។ ការផ្លាស់ប្តូរនេះកើតឡើងចំពេលដែលភាពញឹកញាប់មិនធ្លាប់មាននៃការបាញ់មីស៊ីលរបស់កូរ៉េខាងជើង៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






