ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក វ្ល៉ាឌីមៀ ពូទីន បានចោទអ៊ុយក្រែនថា ជាអ្នកនៅពីក្រោយការបំផ្ទុះស្ពានគ្រីមៀ ហើយបានហៅវាថា ជាអំពើភេរវកម្ម

    BY autoadmin October 10, 2022
    លោក វ្ល៉ាឌីមៀ ពូទីន បានចោទអ៊ុយក្រែនថា ជាអ្នកនៅពីក្រោយការបំផ្ទុះស្ពានគ្រីមៀ ហើយបានហៅវាថា ជាអំពើភេរវកម្ម

    ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់អ៊ុយក្រែន ពីបទរៀបចំអ្វីដែលលោកហៅថា «ការវាយប្រហារភេរវកម្ម» លើស្ពានដែកសំខាន់មួយ ដែលតភ្ជាប់ប្រទេសរុស្ស៊ី និងឧបទ្ទីបគ្រីមៀ ខណៈដែលលោក កំពុងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់លោក សម្រាប់ថ្ងៃចន្ទ ទី១០ ខែតុលានេះ។ លោក ពូទីន បាននិយាយកាលពីថ្ងៃអាទិត្យនៅក្នុងវីដេអូមួយនៅលើបណ្ដាញ Telegram របស់វិមានក្រឹមឡាំងថា៖«គ្មានអ្វីគួរឱ្យសង្ស័យទេ។ នេះគឺជាអំពើភេរវកម្ម ដែលមានគោលបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដ៏សំខាន់។ នេះត្រូវបានបង្កើត អនុវត្ត និងបញ្ជាដោយសេវាកម្មពិសេសរបស់អ៊ុយក្រែន»។

    អនុប្រធានក្រុមប្រឹក្សាសន្តិសុខ លោក Dmitry Medvedev បាននិយាយនៅមុនកិច្ចប្រជុំនៅថ្ងៃចន្ទថា ប្រទេសរុស្ស៊ីគួរតែសម្លាប់ពួក «ភេរវករ» ដែលទទួលខុសត្រូវចំពោះការវាយប្រហារនោះ។ លោកត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass ថា៖«រុស្ស៊ីអាចឆ្លើយតបបានតែចំពោះឧក្រិដ្ឋកម្មនេះ ដោយការសម្លាប់ភេរវករដោយផ្ទាល់ ដូចទៅនឹងទំនៀមទម្លាប់នៅកន្លែងផ្សេងទៀតក្នុងពិភពលោក។ នេះជាអ្វីដែលពលរដ្ឋរុស្ស៊ីរំពឹង»។

    រំលឹកផងដែរថា ការបំផ្ទុះមួយបានកើតឡើងកាលពីថ្ងៃសៅរ៍ នៅលើស្ពានឆ្លងកាត់ច្រកសមុទ្រ Kerch ដែលជាផ្លូវភ្ជាប់ដ៏សំខាន់ សម្រាប់កងកម្លាំងរបស់ទីក្រុងមូស្គូនៅភាគខាងត្បូងអ៊ុយក្រែន ប៉ុន្តែមិនមានការអះអាងថានរណាជាអ្នកទទួលខុសត្រូវនោះឡើយ។ ស្ពាននេះក៏ជាសរសៃឈាមដ៏សំខាន់សម្រាប់កំពង់ផែ Sevastopol ដែលជាកន្លែងដែលកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ីដាក់មូលដ្ឋាន ក៏ដូចជានិមិត្តសញ្ញាដ៏រឹងមាំនៃការបញ្ចូលឧបទ្វីបគ្រីមៀ ក្នុងឆ្នាំ២០១៤ របស់រុស្ស៊ីផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: