អន្តរជាតិ

អ្នកសារព័ត៌មាន CNN ២រូប ត្រូវបានអាជ្ញាធរថៃដកទិដ្ឋាការ ហើយត្រៀមបណ្តេញចេញពីប្រទេស និងដាក់ចូលបញ្ជីខ្មៅ ដោយសារបំពានបម្រាមចូលថតដល់ក្នុងមជ្ឈមណ្ឌលថែទាំកុមារ ដែលរងការវាយប្រហារ

BY
autoadmin
October 10, 2022

ប៉ូលិសអន្តោប្រវេសន៍ថៃបានដកទិដ្ឋាការទេសចរណ៍សម្រាប់អ្នកយកព័ត៌មានរបស់សារព័ត៌មាន CNN កាលពីថ្ងៃអាទិត្យ ទី០៩ ខែតុលា បន្ទាប់ពីពួកគេត្រូវបានគេចាប់ខ្លួន នៅពេលដែលបានចូលទៅថតរូបដល់ក្នុងមជ្ឈមណ្ឌលថែទាំកុមារក្នុងខេត្ត Nong Bua Lamphu ដែលជាទីកន្លែងរងការបាញ់ប្រហារ ដោយគ្មានការអនុញ្ញាត។ អគ្គស្នងការរងនគរបាលជាតិលោក Surachate Hakparn បាននិយាយថា អ្នកយកព័ត៌មាន CNN ទាំង ២នាក់ មានឈ្មោះថា Anna Coren មានអាយុ ៤៧ឆ្នាំ និង Daniel Hodge មានអាយុ ៣៤ឆ្នាំ ពួកគេត្រូវបាននាំទៅប៉ុស្តិ៍ប៉ូលីស Na Klang ក្នុងទីក្រុង Nong Bua Lamphu ដើម្បីសាកសួរបន្ថែមទាក់ទងនឹងការចូលទៅកន្លែងកើតហេតុ សម្រាប់របាយការណ៍ព័ត៌មាននៅថ្ងៃព្រហស្បតិ៍ទី០៨ ខែតុលា។

យោងតាមសេចក្តីថ្លែងការណ៍តាមរបស់ CNN International កាលពីថ្ងៃសៅរ៍បានឱ្យដឹងថា មន្ត្រីសុខាភិបាលសាធារណៈចំនួន ៣នាក់ បានអនុញ្ញាតឱ្យអ្នកសារព័ត៌មានរបស់ពួកគេចូលទៅខាងក្នុងកន្លែងឧក្រិដ្ឋកម្ម។ ដូច្នេះហើយ អ្នកសារព័ត៌មានទាំង ២ ត្រូវបានគេសួរដេញដោលរកមុខអ្នកអនុញ្ញាត ហើយត្រូវបានព្រមានថា មានតែមន្ត្រីនគរបាលប៉ុណ្ណោះ ទើបអាចអនុញ្ញាតបែបនោះបាន។ ជាមួយគ្នានេះដែរ អ្នកទាំង ២នាក់ ក៏បានចាក់ផ្សាយទិដ្ឋភាពពីខាងក្នុងកន្លែងកើតហេតុ ដែលធ្វើឱ្យមានការខឹងសម្បារជាសាធារណៈ និងការចោទប្រកាន់ពីប្រព័ន្ធផ្សព្វផ្សាយថៃថា បានបំពានក្រមសីលធម៌អ្នកសារព័ត៌មាន។

លោកស្នងការរង Surachate Hakparn ក៏បានបញ្ជាក់ដែរថា អ្នកសារព័ត៌មានអាចប្រឈមមុខនឹងការចោទប្រកាន់តាមផ្លូវច្បាប់ ពីបទឧក្រិដ្ឋកម្មឆ្លងដែន និងជ្រៀតជ្រែកភស្តុតាង ប្រសិនបើរកឃើញថា ពួកគេចូលកន្លែងកើតហេតុដោយគ្មានការអនុញ្ញាត។ លើសពីនេះ ពួកគេ​អាច​ត្រូវបាន​និរទេស និង​ដាក់​ក្នុង​បញ្ជី​ខ្មៅ​តាមច្បាប់​ថៃ បន្ទាប់ពី​ដំណើរការ​ផ្លូវច្បាប់​ត្រូវបាន​បញ្ចប់​៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍, The Nation Thailand, The Pattaya News

Share This Post: